កំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ដើម្បីធានាដល់ការលើកកម្ពស់សោភ័ណភាពទីក្រុង និងសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់អំពីផែនការបំពាក់ប្រព័ន្ធបំភ្លឺសាធារណៈលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ដែលទើបសាងសង់រួចរាល់ ចាប់ពីចំណុចផ្លូវភ្លោះទល់មុខធនាគារ អេស៊ីលីដា រហូតដល់គល់ស្ពានគីហ្សូណា (ប្រវែងសរុប ៦៣០ម៉ែត្រ)។ គម្រោងនេះនឹងត្រូវរៀបចំដាក់បង្គោលភ្លើងចំនួន ២៥ដើម តាមលក្ខណៈធ្មេញរណារ (ដាក់ឆ្លាស់គ្នា) ដោយមានគម្លាតពីបង្គោលមួយទៅបង្គោលមួយទៀត ៥០ម៉ែត្រ និងគម្លាតអន្តរបង្គោលឆ្លាស់ ២៥ម៉ែត្រ។ ដោយឡែក នៅតំបន់រង្វង់មូលសេះទន្លេអុំ ក្រុមការងារបច្ចេកទេសបានដំឡើងបង្គោលភ្លើងបំភ្លឺចំនួន ៣ដើម រួចរាល់ជាស្ថាពរផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា បានដាក់បទបញ្ជាដល់អភិបាលក្រុងកំពង់ចាម ឱ្យចាត់តាំងក្រុមការងារបច្ចេកទេសចុះជួសជុល កែលម្អ និងបន្ថែមអំពូលភ្លើងបំភ្លឺពេលរាត្រីតាមបណ្តោយសួនច្បារមាត់ទន្លេ ក្នុងគោលបំណងពង្រីកសោភ័ណភាពទីក្រុង និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលម្ហែកម្សាន្ត។
បន្ទាប់ពីនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ «សួនច្បារទន្លេអុំ» ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ គិតមកទល់ពេលនេះ ការដ្ឋានសាងសង់សម្រេចបានលទ្ធផលប្រមាណ ៧០% ហើយ ដោយរដ្ឋបាលខេត្តរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋទូទៅតរៀងទៅ៕


