លោក ផែង វណ្ណៈ ចេញមុខបកស្រាយជុំវិញករណីលួចគាស់ទូដែកនៅក្រុងប៉ោយប៉ែត

លោក ផែង វណ្ណៈ ចេញមុខបកស្រាយជុំវិញករណីលួចគាស់ទូដែកនៅក្រុងប៉ោយប៉ែត

បន្ទាប់ពីមានមហាជន និងអ្នកតាមដានបណ្ដាញសង្គមជាច្រើនបានចោទសួរអំពីតម្រុយនៃករណី «លួចគាស់ទូដែកនៅក្រុងប៉ោយប៉ែត» រហូតមានការសង្ស័យថាជារឿងស្ងាត់បាត់ឈឹង ឬមានការសូកប៉ាន់នោះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ លោក ផែង វណ្ណៈ បានចេញមុខធ្វើការបង្ហោះបកស្រាយជាសាធារណៈ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗពីដំណើរដើមទង និងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច។

១. ជនសង្ស័យសារភាព និងវត្ថុតាងដែលសមត្ថកិច្ចដកហូតបានយោងតាមប្រភពពីសមត្ថកិច្ចដែលលោក ផែង វណ្ណៈ បានទទួល លោក ចាន់នី (ជនសង្ស័យ) បានទទួលស្គាល់ និងសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទូដែកលួចយកប្រាក់គេពិតប្រាកដមែន។ ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានយកប្រាក់រហូតដល់ ៥០ លានបាត ដូចការចោទប្រកាន់នោះទេ គឺយកបាន ១០ លានបាត ប៉ុណ្ណោះ។ ប្រាក់ដែលលួចបាននោះ ត្រូវបានយកទៅចាយវាយ និងទិញមាស។ បច្ចុប្បន្ន សមត្ថកិច្ចបានស្រាវជ្រាវដកហូតមាសបានចំនួន ១៥ ដំឡឹង ត្រឡប់មកវិញពីលោក ចាន់នី។

២. លោក ផែង វណ្ណៈ បានគូសបញ្ជាក់បន្ថែមថា តាមផ្លូវច្បាប់ មិនថាយក ១០ លានបាត ឬត្រឹមតែ ១០០ រៀលនោះទេ ឲ្យតែមានចេតនាលួច គឺសុទ្ធតែត្រូវទទួលទោសតាមច្បាប់ដូចគ្នា។ ម្ចាស់ទូដែកបានថតរូបទុកជាភស្តុតាងរួចរាល់មុនពេលប្រគល់ផ្ញើឱ្យលោក ចាន់នី ដូច្នេះទោះជាជនសង្ស័យដោះសារបែបណាក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ។ ដោយសារតែលោក ចាន់នី មិនបានបង្ហាញភាពស្មោះត្រង់ តាំងពីដំបូង ម្ចាស់ទ្រព្យសម្បត្តិបានសំណូមពរយ៉ាងទទូចឱ្យតុលាការចាត់ការទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

៣. ពាក់ព័ន្ធនឹងការរះគន់ថា លោកស្ងាត់ស្ងៀមដោយសារត្រូវគេ «ចាយលុយបិទមាត់» លោក ផែង វណ្ណៈ បានបដិសេធយ៉ាងដាច់អហង្ការ ដោយលើកឡើងថា៖ «គ្មានអ្នកណាមកទិញ ផែង វណ្ណៈ បានទេ… ការស្ងៀមស្ងាត់របស់ខ្ញុំ គឺដើម្បីទុកពេលឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតែប៉ុណ្ណោះ។ ផែង វណ្ណៈ ធ្វើការមួយៗគឺច្បាស់លាស់ មិនមែនលុំៗទេ!»។

លោកបានបន្ថែមថា រាល់ការលាបពណ៌ ឬការចោទប្រកាន់ថាបំពុលសង្គមយ៉ាងណាក៏ដោយ ក៏អង្គហេតុជាក់ស្ដែងពេលនេះគឺ លោក ចាន់នី បានសារភាពខ្លួនឯងរួចទៅហើយថាជា «ចោរលួចគាស់ទូដែក»។

ករណីនេះមិនមែនជាការស្ងាត់បាត់រឿងដូចការសង្ស័យរបស់មហាជននោះទេ ប៉ុន្តែជាការទុកដែនសមត្ថកិច្ច និងនីតិវិធីផ្លូវច្បាប់ធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីប្រមូលភស្តុតាង និងដកហូតទ្រព្យសម្បត្តិមកវិញ៕

 

Scroll to Top