គំនរសំរាមអនាធិបតេយ្យជះក្លិនស្អុយក្នុងបុរីកួរស្រូវ២ ប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ខណ្ឌដង្កោ និងអំពាវនាវឱ្យចាត់វិធានការលើបុគ្គលខ្វះការយល់ដឹង

គំនរសំរាមអនាធិបតេយ្យជះក្លិនស្អុយក្នុងបុរីកួរស្រូវ២ ប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ខណ្ឌដង្កោ និងអំពាវនាវឱ្យចាត់វិធានការលើបុគ្គលខ្វះការយល់ដឹង

រាជធានីភ្នំពេញ៖ ទីតាំងដីឡូត៍ និងដងផ្លូវបេតុងនៅបូរីកួរស្រូវ២ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាពេលបច្ចុប្បន្នបានប្រែប្រួលទៅជាកន្លែងចោលសំរាមអនាធិបតេយ្យយ៉ាងរញ៉េរញ៉ៃ បង្កឱ្យមានក្លិនស្អុយរលួយ និងបាត់បង់សោភ័ណភាពជាខ្លាំង។

យោងតាមរូបភាពដែលបានថតបង្ហាញ គំនរសំរាមជាច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក ស្ទីរ៉ូហ្វូម សំណល់ម្ហូបអាហារ ធ្នើរឈើចាស់ៗ និងកាកសំណល់ផ្សេងៗទៀត ត្រូវបានគេយកមកបោះចោលពាសវាលពាសកាលតាមចិញ្ចើមផ្លូវ។ បញ្ហានេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

មហាជន និងប្រជាពលរដ្ឋបានសម្តែងការខកចិត្ត និងរិះគន់ចំៗទៅលើ អាជ្ញាធរសង្កាត់ព្រែកកំពឹស និងរដ្ឋបាលខណ្ឌដង្កោ ចំពោះភាពអសកម្មក្នុងការគ្រប់គ្រង និងទប់ស្កាត់បញ្ហានេះ។ ការបណ្តែតបណ្តោយឱ្យមានគំនរសំរាមកើនឡើងជាបន្តបន្ទាប់ បានបង្ហាញពីកង្វះការយកចិត្តទុកដាក់ និងការខកខានក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើជនល្មើស។

ទន្ទឹមនឹងនេះ សកម្មភាពយកសំរាមមកចោលគ្មានបែបផែននេះ ក៏បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី អសីលធម៌ និងកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលគិតតែពីផាសុកភាពផ្ទាល់ខ្លួន ហើយយកភាពកខ្វក់ទៅទម្លាក់លើទីសាធារណៈ បំផ្លាញបរិស្ថាន និងប៉ះពាល់ដល់អ្នកដទៃដោយគ្មានការអៀនខ្មាស។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ សូមស្នើឱ្យអាជ្ញាធរខណ្ឌដង្កោ និងសង្កាត់ព្រែកកំពឹស៖ ចុះសម្អាត និងប្រមូលសំរាមចេញឱ្យបានឆាប់រហ័ស ដើម្បីស្តារសោភ័ណភាព និងបរិស្ថានឡើងវិញ។

ស្របពេលជាមួយគ្នានេះ ត្រូវតែចាត់វិធានការក្តៅ តាមដាន និងផាកពិន័យ លើបុគ្គល ឬអាជីវកម្មទាំងឡាយណាដែលយកសំរាមមកចោលអនាធិបតេយ្យនៅទីតាំងនេះ។

បង្កើនសារអប់រំ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអនាម័យក្នុងសហគមន៍ទាំងមូល៕

Scroll to Top