ខេត្តកណ្ដាល៖ សំណង់ការ៉ាស់សាំងឯកជនមួយកន្លែង ស្ថិតនៅភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងក្លាយជាប្រធានបទក្តៅគគុក និងរងការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញភាពមិនច្បាស់លាស់នៃច្បាប់សាងសង់ និងគម្លាតសុវត្ថិភាព ខណៈពលរដ្ឋទទូចឱ្យលោកអភិបាលស្រុកថ្មី ចាត់វិធានការម៉ឺងម៉ាត់។
យោងតាមការពិនិត្យនៅនឹងកន្លែងកើតហេតុ សំណង់ដំបូលដែក និងគ្រោងសសរការ៉ាស់សាំងខាងលើ ត្រូវបានសាងសង់យ៉ាងប្រកៀកជាប់នឹងមាត់ផ្លូវសាធារណៈ ដោយពុំបានរក្សាគម្លាតសុវត្ថិភាព ឬចម្ងាយថយពីចំណីផ្លូវស្របតាមបទដ្ឋានបច្ចេកទេស ព្រមទាំងប្លង់នគរូបនីយកម្មរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងរ៉ែ និងថាមពលឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ការសាងសង់រំលោភលើដីចំណីផ្លូវ និងខ្វះស្ដង់ដាបច្ចេកទេសបែបនេះ មិនត្រឹមតែបំពានច្បាប់សំណង់យ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជា ហានិភ័យខ្ពស់ដល់សុវត្ថិភាពចរាចរណ៍ និង គ្រោះថ្នាក់អគ្គិភ័យ ដែលអាចកើតមានជាយថាហេតុដល់អ្នកដំណើរ និងអ្នករស់នៅជុំវិញទីតាំងនោះ។
ករណីនេះបានធ្វើឲ្យមហាជនបានចោទជាសំណួរចំៗទៅកាន់ភាគីពាក់ព័ន្ធចំនួនពីរចំណុច៖
ទី១៖ តើម្ចាស់អាជីវកម្មមានខ្នងបង្អែកណា ឬមានចេតនាបំពានច្បាប់យ៉ាងណា ទើបសាងសង់សំណង់គ្រោះថ្នាក់ដោយគ្មានលិខិតអនុញ្ញាត និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ?
ទី២៖ តើអាជ្ញាធរដែនដី និងមន្ត្រីជំនាញមានការបណ្តែតបណ្តោយ ឬបើកដៃឱ្យមានការសាងសង់ខុសច្បាប់នេះកើតឡើងដែរឬទេ ទើបបណ្តាលឱ្យមានភាពយឺតយ៉ាវក្នុងការទប់ស្កាត់តាំងពីដំបូង?
ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ លោកមេឃុំថ្មី បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា ការដ្ឋានការ៉ាស់សាំងនៅភូមិក្រាំងតីនេះ ត្រូវបានមន្ត្រីជំនាញស្រុកចុះមកធ្វើការផ្អាកសកម្មភាពសាងសង់រួចមកហើយ។
លោកមេឃុំបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នម្ចាស់ការដ្ឋានកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ និងធានាថាពុំមានសកម្មភាពសាងសង់បន្តទៀតនោះទេ។ ទោះជាយ៉ាងណា សាធារណជននៅតែមើលឃើញថា រចនាសម្ព័ន្ធសំណង់ដែលបានសាងសង់រួចជាស្រេចបន្តិចបន្តួចប្រកៀកនឹងផ្លូវសាធារណៈនោះ នៅតែជាកង្វល់ដែលត្រូវមានការវាយតម្លៃឡើងវិញពីសំណាក់មន្ត្រីជំនាញ។
ឆ្លើយតបនឹងបញ្ហានេះ ប្រជាពលរដ្ឋ និងសាធារណជន បាននិងកំពុងអង្រួនចិត្តរង់ចាំមើលចំណាត់ការរបស់ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ដែលទើបឡើងកាន់តំណែងថ្មីៗ។
ពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់លោកចាប ច័ន្ទវិទ្យាអភិបាលស្រុក ទើបចូលកាន់តំណែងថ្មី ក៏ដូចជា មន្ទីររ៉ែ និងថាមពល និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល មេត្តាចុះពិនិត្យស្រាវជ្រាវ និងវាស់វែងឡើងវិញដោយ តម្លាភាព យុត្តិធម៌ និងភាពម៉ឺងម៉ាត់បំផុត។ ប្រសិនបើរកឃើញថាមានការសាងសង់ល្មើសច្បាប់ និងគ្មានគម្លាតសុវត្ថិភាពពិតប្រាកដមែន អាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការផ្លូវច្បាប់ដាច់ខាត ដើម្បីពង្រឹងវិន័យការសាងសង់ និងធានាសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល។
ស្ថាប័នសារព័ត៌មានពេញចិត្តមេឌា របស់យើងខ្ញុំ នឹងបន្តតាមដានការវិវត្តនៃករណីនេះ ដើម្បីផ្សាយជូនសាធារណជនបន្តទៀត ដោយបើកទូលាយជានិច្ចស្វាគមន៍ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕


