កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះអប់រំ និងផ្សព្វផ្សាយយ៉ាងសកម្មនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការបង្ការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ការថ្លែងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ កត្តានេះទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសលើបញ្ហាគ្រឿងញៀន និងការឆបោកអនឡាញ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមថែរក្សាសន្តិសុខក្នុងសហគមន៍។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានរំលឹកដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ និងពង្រឹងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយគោលនយោបាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងពីគោលនយោបាយជាតិឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕


