កំពង់ចាម៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» របស់រដ្ឋបាលស្រុក និងឃុំ ក្នុងស្រុកស្រីសន្ធរ។
ពិធីនេះមានការចូលរួមយ៉ាងកុះករពី លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក, លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ, ថ្នាក់ដឹកនាំរដ្ឋបាលស្រុក-ឃុំ, តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបន្សីគម្រោងស្នើឡើងទាំងនោះទៅនឹងថវិកាកម្រិតផ្សេងៗ រួមមានថវិការដ្ឋបាលមូលដ្ឋាន ថវិកាក្រសួង-មន្ទីរជំនាញ និងការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ព្រមទាំងវិស័យឯកជន។ ការសម្របសម្រួលនេះ ធ្វើឡើងដើម្បីជៀសវាងការធ្វើគម្រោងជាន់គ្នា កាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនប្រសិទ្ធភាពវិនិយោគ ក្រោមគោលការណ៍ «មិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ»។
ជាលទ្ធផលនៅក្នុងសិក្ខាសាលាសមាហរណកម្មលើគម្រោងអាទិភាពទាំង ៤ វិស័យ (សេដ្ឋកិច្ច, សង្គមកិច្ច, ធនធានធម្មជាតិ-បរិស្ថាន និងរដ្ឋបាល-សន្តិសុខ) ទទួលបានការគាំទ្រដូចខាងក្រោម៖
១. ថ្មាក់ស្រុកស្នើឡើងសរុប ៦០ គម្រោង ដោយទទួលបានការគាំទ្រចំនួន ៤៥ គម្រោង (ស្មើនឹង ៧៥%)។
២. ថ្នាក់ឃុំស្នើឡើងសរុប ៥៥១ គម្រោង ដោយទទួលបានការគាំទ្រចំនួន ៣៦៣ គម្រោង (ស្មើនឹង ៦៥.៨៨%)។
លទ្ធផលដ៏ល្អប្រសើរនេះ ស្តែងឱ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដី មន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាលុបបំបាត់បញ្ហាប្រឈម និងជំរុញការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែរីកចម្រើនជាលំដាប់៕


