លោក ឆេង វុត្ថា ត្រូវបានប្រកាសផ្ទេរ និងតែងតាំងឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកស្រីសន្ធរ

លោក ឆេង វុត្ថា ត្រូវបានប្រកាសផ្ទេរ និងតែងតាំងឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុកស្រីសន្ធរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្រីសន្ធរយ៉ាងឱឡារិក ក្រោមអធិបតីភាព ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

យោងតាមប្រកាសលេខ ១០៦ញ២ ប្រក. របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងមន្ត្រីរាជការ លោក ឆេង វុត្ថា ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ។ នៅក្នុងឱកាសនោះ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ចាម បានអានប្រកាសតែងតាំងជាផ្លូវការជូនដល់អង្គពិធីទាំងមូល។

អញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនាឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរចំពោះ លោក ឆេង វុត្ថា ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំឱ្យកាន់មុខតំណែងថ្មីនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់លោកអភិបាលរងស្រុកថ្មី រួមមាន៖

១. ពង្រឹងតួនាទី និងការទទួលខុសត្រូវ ត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

២. បង្កើនសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើតទំនាក់ទំនងល្អ រក្សាសាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការ និងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាអង្គភាពជំនាញ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់។

៣. គោរពច្បាប់ និងលិខិតបទដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។

៤. ចូលរួមអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយតម្កល់អាទិភាពលើគន្លឹះទាំង៥៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន។

គូសបញ្ជាក់ផងដែរថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងប្រតិបត្តិសុខាភិបាល លោកគ្រូ-អ្នកគ្រូ មន្ត្រីរាជការសាលាស្រុក និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕

Scroll to Top