ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការក្តៅគគុក បង្ក្រាបបទល្មើសជលផលបានចំនួន ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ដោយដកហូតបានកូនត្រីចម្រុះសរុបប្រមាណ ៤១០ គីឡូក្រាម និងមធ្យោបាយដឹកជញ្ជូនមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំផ្ទាល់ដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល ព្រមទាំងមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម នាយកដ្ឋានអធិការកិច្ចជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ។
ផ្អែកតាមរបាយការណ៍ផ្លូវការ លទ្ធផលនៃការបង្ក្រាបទាំង ២ករណីរួមមាន៖
ករណីទី១ (ស្រុកបាធាយ) បង្ក្រាបបាននៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ដោយដកហូតបានម៉ូតូរ៉ឺម៉កម៉ាក Wave ពណ៌ទឹកប៊ិច ចំនួន ១គ្រឿង និងកូនត្រីចម្រុះទម្ងន់ ២៤០ គីឡូក្រាម។
ករណីទី២ (ស្រុកជើងព្រៃ) បង្ក្រាបបាននៅចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ដោយដកហូតបានម៉ូតូរ៉ឺម៉កម៉ាក Honda Future Neo ពណ៌ក្រហម ចំនួន ១គ្រឿង និងកូនត្រីចម្រុះទម្ងន់ ១៧០ គីឡូក្រាម។
ក្រោយប្រតិបត្តិការ បច្ចុប្បន្នសមត្ថកិច្ចជំនាញជលផលកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអត្តសញ្ញាណជនល្មើស រួមទាំងអ្នកពាក់ព័ន្ធក្នុងខ្សែចង្វាក់ទិញ លក់ និងចែកចាយកូនត្រីទាំងនេះ យកមកផ្តន្ទាទោស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ស្តីពីជលផល៕


