ស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ថវិកា៦លានរៀល ជូនគ្រួសារមន្ត្រីនគរបាលជាតិចូលនិវត្តន៍ដែលទទួលមរណភាព

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ថវិកា៦លានរៀល ជូនគ្រួសារមន្ត្រីនគរបាលជាតិចូលនិវត្តន៍ដែលទទួលមរណភាព

តាកែវ៖ នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ទូច បូរ៉េត មន្ត្រីនគរបាលជាតិចូលនិវត្តន៍។

លោក ទូច បូរ៉េត បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ហើយក្រុមគ្រួសាររស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកស្នងការរងបានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ព្រមទាំងលើកឡើងពីការចងចាំ និងដឹងគុណចំពោះការខិតខំបំពេញភារកិច្ចរបស់លោក ទូច បូរ៉េត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជូនចំពោះក្រុមគ្រួសារនៃសព និងលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ និងអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ជាការចូលរួមសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារ តំណាងលោកស្នងការបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ជូនលោកស្រី ញ៉េង សុផល ដែលជាភរិយានៃសព ដើម្បីចូលរួមចាត់ចែងក្នុងគ្រួសារ។

សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីគាំពាររបស់ស្ថាប័ននគរបាលចំពោះមន្ត្រី និងក្រុមគ្រួសារ ទោះបីមន្ត្រីបានចូលនិវត្តន៍ និងទទួលមរណភាពក៏ដោយ៕

Scroll to Top