រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថាជាស៊េរី «កេរដំណែលរស់ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ» ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ នៃវិមាន ៧ មករា។
ថ្លែងបើកកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន បានរំលឹកអំពីប្រវត្តិសាស្ត្រជូរចត់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលកម្ពុជាបានឆ្លងកាត់សោកនាដកម្មយ៉ាងធ្ងន់ធ្ងរ រួចមកទល់នឹងការទទួលបានពន្លឺសន្តិភាពនាថ្ងៃជ័យជម្នះ ៧ មករា។ ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃជ័យជម្នះនេះកើតចេញពីការលះបង់ និងការរួបរួមគ្នាយ៉ាងស្អិតរមួតរបស់ឥស្សរជន និងបញ្ញវន្តជំនាន់មុន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទូន្មានថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ» មកធ្វើជាគ្រឹះក្នុងការផ្តួចផ្តើមរៀបចំវេទិកានេះឡើង ក្រោមការតម្រង់ទិសពី សម្តេចកិត្តិសង្គហបណ្ឌិត។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានផ្តល់កិត្តិយសអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកនូវបទពិសោធន៍ជីវិត ប្រវត្តិការងារ និងមរតកបញ្ញាដល់អង្គពិធីទាំងមូល។ ឯកឧត្តមក៏បានសម្តែងនូវមោទនភាព និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតក្នុងនាមជាយុវជនជំនាន់ក្រោយ ចំពោះគំរូវីរភាព និងការតស៊ូឥតរាថយរបស់ថ្នាក់ដឹកនាំរៀមច្បង បម្រើឱ្យបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕


