ក្រុមការងារថ្នាក់ស្រុកកោះញែក ចាប់ដៃគូជាមួយព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រាលទុក្ខលំបាកគ្រួសារក្រីក្រដល់ខ្នងផ្ទះ

ក្រុមការងារថ្នាក់ស្រុកកោះញែក ចាប់ដៃគូជាមួយព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រាលទុក្ខលំបាកគ្រួសារក្រីក្រដល់ខ្នងផ្ទះ

មណ្ឌលគិរី៖ ស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងសង្គម នៅតែបន្តស្តែងឡើងយ៉ាងសកម្មនៅក្នុងស្រុកកោះញែក ខណៈដែលរដ្ឋបាលស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ និងអាជ្ញាធរឃុំ ដើម្បីចុះផ្ទាល់ដល់ខ្នងផ្ទះ ប្រគល់ជំនួយសប្បុរសធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នេះ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក ព្រមទាំងលោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះរួមដំណើរជាមួយព្រះអនុគណស្រុក និងអាជ្ញាធរឃុំ ដើម្បីនាំយកអំណោយសប្បុរសធម៌ទៅជូនគ្រួសារក្រីក្រមួយគ្រួសារ ដែលកំពុងរស់នៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជំនួយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖

*.ឧបត្ថម្ភថវិកាឧបត្ថម្ភ ចំនួន ៤៥០,០០០ រៀល

*. មធ្យោបាយធ្វើដំណើរ កង់ចំនួន ១ គ្រឿង (សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់កូនៗក្នុងគ្រួសារ)

*. គ្រឿងឧបភោគបរិភោគ សភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត។

សកម្មភាពមនុស្សធម៌នាពេលនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពចំពោះមុខរបស់គ្រួសាររងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន និងវិស័យពុទ្ធចក្រ ក្នុងការរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងភាពឯកកោឡើយ។

គ្រួសារទទួលបានអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំស្រុក ព្រះអនុគណ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានឆ្លៀតឱកាស និងចុះមកជួយឧបត្ថម្ភដល់ខ្នងផ្ទះចំពេលដែលពួកគាត់កំពុងជួបការលំបាកខ្លាំងបែបនេះ៕

Scroll to Top