តាកែវ៖ ទីតាំងល្បែងស៊ីសងប្រភេទ «យូគី» ដែលគេហៅថា «ខែឆ្នាំទាំង១២» នៅក្នុង ភូមិគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា នៅតែបន្តសកម្មភាពលេងជាប្រចាំ បើទោះបីជាមានការលើកឡើងអំពីការចុះត្រួតពិនិត្យពីសមត្ថកិច្ចក៏ដោយ។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋមានចម្ងល់ គឺនៅពេលសមត្ថកិច្ចដាក់កម្លាំងចុះល្បាតទៅកាន់ទីតាំងខាងលើ គឺមិនឃើញមានសកម្មភាពលេងល្បែងស៊ីសង ប៉ុន្តែពេលកម្លាំងត្រឡប់ចេញវិញ សកម្មភាពលេងល្បែងបានចាប់ផ្តើមដំណើរការឡើងវិញជាបន្តបន្ទាប់។
ជុំវិញបញ្ហាខាងលេី លោក នៅ សុគុណ អធិការនគរបាលស្រុកបុរីជលសារ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះថា លោកអស់សមត្ថភាពក្នុងការបង្ក្រាបទីតាំងនេះហើយ ដោយសាររាល់ពេលដាក់កម្លាំងចុះទៅពិនិត្យ មិនឃើញមានបទល្មើសល្បែងស៊ីសង ប៉ុន្តែក្រោយពេលកម្លាំងត្រឡប់មកវិញ ទីតាំងនោះត្រូវបានអះអាងថា ចាប់ផ្តើមលេងបន្តទៀត។
ការលើកឡើងបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋសួរថា បើសមត្ថកិច្ចដឹងថាមានទីតាំងសង្ស័យថាបើកល្បែង ហើយដឹងថាសកម្មភាពតែងតែបញ្ឈប់នៅពេលកម្លាំងចុះដល់ តើវិធានការបង្ក្រាបត្រូវធ្វើយ៉ាងណា ទើបអាចបញ្ចប់សកម្មភាពនេះបាន?
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងដោយចំៗថា ប្រសិនបើល្បែងស៊ីសងពិតជាបន្តកើតមានដដែល បន្ទាប់ពីកម្លាំងសមត្ថកិច្ចចាកចេញ តើគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» នឹងអាចអនុវត្តបានប្រសិទ្ធភាពយ៉ាងដូចម្តេច?
ពលរដ្ឋក៏ចង់ឃើញវិធានការដែលមានប្រសិទ្ធភាពជាងការចុះល្បាតមួយភ្លែត ហើយត្រឡប់ចេញវិញ ព្រោះប្រសិនបើសកម្មភាពល្បែងអាច «បិទពេលឃើញសមត្ថកិច្ច បើកវិញពេលសមត្ថកិច្ចចេញ» នោះការបង្ក្រាបប្រហែលជានឹងក្លាយទៅជាការលេងល្បែង «ចាប់ស៊ី-ចាប់គេច» រវាងអ្នកបើកល្បែង និងសមត្ថកិច្ចទៅវិញ។
ប្រជាពលរដ្ឋស្នើឱ្យថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ពិនិត្យករណីនេះឱ្យបានច្បាស់លាស់ ចុះស្រាវជ្រាវទីតាំងជាក់ស្តែង និងប្រើវិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដើម្បីកុំឱ្យបញ្ហានេះក្លាយជាករណី «ដឹងថាមាន តែបង្ក្រាបមិនបាន» ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការអនុវត្តច្បាប់នៅមូលដ្ឋាន៕


