កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងរឹបអូសម្សៅក្រាមជាង៦៣ក្រាម

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងរឹបអូសម្សៅក្រាមជាង៦៣ក្រាម

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៣៖២០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការខាងលើធ្វើឡើងដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានស្ត្រីម្នាក់។

ជនសង្ស័យទាំង២នាក់ រួមមាន៖

ទី១. ឈ្មោះ ឌុច បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។

ទី២. ឈ្មោះ សោម ស្រីភ័ស្ត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ទម្ងន់៦៣,៣៨ក្រាម ដោយរាប់បញ្ចូលទាំងទម្ងន់សំបកថង់, ទូរស័ព្ទដៃចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង ព្រមទាំងថង់វេចខ្ចប់ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

Scroll to Top