Update៖ ពាក្យចចាមអារាមរឿងទារភាគរយពីក្រុមហ៊ុន នាយកទីចាត់ការផែនវិនិយោគខេត្តតាកែវ បញ្ជាក់មន្ត្រីទាំង១៣នាក់មិនជាប់ពាក់ព័ន្ធ និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់

Update៖ ពាក្យចចាមអារាមរឿងទារភាគរយពីក្រុមហ៊ុន នាយកទីចាត់ការផែនវិនិយោគខេត្តតាកែវ បញ្ជាក់មន្ត្រីទាំង១៣នាក់មិនជាប់ពាក់ព័ន្ធ និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់

តាកែវ៖ ក្រោយមានពាក្យចចាមអារាម និងការលើកឡើងថា មានមន្ត្រីបច្ចេកទេសមួយចំនួននៅខេត្តតាកែវ ត្រូវបានចោទប្រកាន់ថា ទារប្រាក់ពីក្រុមហ៊ុនម៉ៅការដែលទទួលអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងអត្រាចាប់ពី ២ភាគរយ ដល់៥ភាគរយ នៃគម្រោង លោក ឆេង ចន្ថា នាយកទីចាត់ការផែនវិនិយោគខេត្តតាកែវ បានចេញមុខបញ្ជាក់អំពីជំហររបស់មន្ត្រីក្រោមឱវាទ។

លោក ឆេង ចន្ថា បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបានកោះប្រជុំមន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីសាកសួរ និងពិនិត្យជុំវិញព័ត៌មានដែលកំពុងលេចឮពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ។

ក្នុងកិច្ចប្រជុំនោះ មន្ត្រីទាំង ១៣នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក បានបញ្ជាក់ថា ពួកគេមិនបានជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុនម៉ៅការ ដូចការចោទប្រកាន់ដែលកំពុងផ្សព្វផ្សាយនោះឡើយ។

លោកនាយកទីចាត់ការផែនវិនិយោគខេត្តតាកែវ បានបញ្ជាក់បន្ថែមថា មន្ត្រីទាំងអស់បានប្រកាន់ជំហរយ៉ាងច្បាស់ថា ប្រសិនបើមានភស្តុតាង ឬរកឃើញថា មន្ត្រីណាម្នាក់ពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន នោះរូបគេហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ឆេង ចន្ថា បានបញ្ជាក់ថា ការកោះប្រជុំនេះធ្វើឡើងមិនត្រឹមតែដើម្បីបំភ្លឺចំពោះព័ត៌មានដែលកំពុងលេចឮប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឱ្យមន្ត្រីក្រោមឱវាទយល់ច្បាស់ពីកាតព្វកិច្ចការងារ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តការងាររដ្ឋផងដែរ។

ជាមួយគ្នានេះ ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីរាជការ លោកនាយកទីចាត់ការផែនវិនិយោគខេត្តតាកែវ បានឱ្យដឹងថា លោកនឹងរៀបចំរបាយការណ៍ជូន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីជ្រាប និងពិនិត្យតាមនីតិវិធីពាក់ព័ន្ធ។

លោកក៏បានបន្ថែមថា មន្ត្រីនៅទីចាត់ការផែនវិនិយោគខេត្ត តែងតែខិតខំបំពេញការងារ និងទទួលខុសត្រូវចំពោះភារកិច្ចដែលបានប្រគល់ជូន ហើយលោកស្នើឱ្យមានការពិនិត្យព័ត៌មានឱ្យបានច្បាស់លាស់ និងផ្អែកលើភស្តុតាង មុននឹងធ្វើការចោទប្រកាន់ទៅលើមន្ត្រីណាម្នាក់៕

Scroll to Top