តាកែវ៖ ក្រោយចូលកាន់តំណែងជាអភិបាលស្រុកបាទីអស់រយៈពេលជិត៤ខែ លោក សាយ វណ្ណៈ បានបញ្ចប់ការចុះជួបសំណេះសំណាល និងស្វែងយល់ពីស្ថានភាពការងារតាមមូលដ្ឋានទាំង១៥ឃុំក្នុងស្រុកបាទី ដោយឃុំពារាម ជាឃុំចុងក្រោយ នៃដំណើរចុះពិនិត្យ និងស្វែងយល់ពីការងាររដ្ឋបាលមូលដ្ឋាន។
ការចុះជួបនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក ដោយមានគោលបំណងស្វែងយល់ឱ្យបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងស្ថាប័នពាក់ព័ន្ធ។
ក្នុងដំណើរចុះជួបតាមបណ្តាឃុំទាំង១៥ លោកអភិបាលស្រុក សាយ វណ្ណៈ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព គ្រឹះស្ថានសិក្សា មន្ត្រីកសិកម្ម យុវជនស្ម័គ្រចិត្ត ក្រុមការងារគណនេយ្យសង្គម មេភូមិ អនុភូមិ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ដែលកំពុងធ្វើការនៅមូលដ្ឋាន។
ជាមួយគ្នានេះ ការចុះជួបតាមមូលដ្ឋានក៏ជាឱកាសឱ្យថ្នាក់ដឹកនាំស្រុកបានស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានាពីមន្ត្រីមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីយកមកពិនិត្យ និងសម្របសម្រួលក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមសមត្ថកិច្ច និងលទ្ធភាពជាក់ស្តែង។
ក្រៅពីការងាររដ្ឋបាល កិច្ចសំណេះសំណាលទាំងនេះក៏ផ្តោតលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ ការងារសុខាភិបាល អប់រំ កសិកម្ម ការងារយុវជន និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានផងដែរ។
ការបញ្ចប់ការចុះជួបនៅទាំង១៥ឃុំ ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយសម្រាប់លោកអភិបាលស្រុក ក្នុងការទទួលបានព័ត៌មាន និងការយល់ដឹងកាន់តែទូលំទូលាយអំពីស្ថានភាពការងារពិតប្រាកដនៅតាមមូលដ្ឋាន បន្ទាប់ពីចូលកាន់តំណែងបានជិត៤ខែ។
គួរបញ្ជាក់ថា សកម្មភាពចុះជួបសំណេះសំណាល និងស្វែងយល់ពីការងារនៅតាមមូលដ្ឋានទាំង១៥ឃុំនេះ បានបញ្ចប់នៅឃុំពារាម នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦៕


