បែកធ្លាយការចោទប្រកាន់ មន្ត្រីបច្ចេកទេសខេត្តតាកែវ ចុះត្រួតពិនិត្យបិទគម្រោងផ្លូវមូលនិធិឃុំ-សង្កាត់ ទាមទារភាគរយ ២% ដល់ ៥%

បែកធ្លាយការចោទប្រកាន់ មន្ត្រីបច្ចេកទេសខេត្តតាកែវ ចុះត្រួតពិនិត្យបិទគម្រោងផ្លូវមូលនិធិឃុំ-សង្កាត់ ទាមទារភាគរយ ២% ដល់ ៥%

ខេត្តតាកែវ៖ មានការលើកឡើងពីក្រុមហ៊ុនមួយចំនួនដែលទទួលម៉ៅការសាងសង់ផ្លូវក្នុងគម្រោងមូលនិធិឃុំ-សង្កាត់ ២០២៦ នៅក្នុងខេត្តតាកែវថា ពួកគេត្រូវប្រឈមនឹងការទាមទារភាគរយពីសំណាក់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ នៅពេលចុះត្រួតពិនិត្យ ឬចុះបិទការងារតាមដំណាក់កាលនៃគម្រោង។

តាមការបង្ហើបឱ្យដឹងពីប្រភពក្រុមហ៊ុនមួយចំនួន ការទាមទារនោះត្រូវបានអះអាងថា មានចាប់ពីប្រមាណ ២% ដល់ % នៃតម្លៃ ឬបរិមាណការងារ ដោយអាស្រ័យលើទំហំ និងប្រភេទផ្លូវដែលក្រុមហ៊ុនទទួលអនុវត្ត។ ប្រភពដដែលអះអាងថា ករណីនេះត្រូវបានលើកឡើងក្នុងបរិបទដែលមន្ត្រីបច្ចេកទេសចុះពិនិត្យ និងបិទការងារតាមដំណាក់កាលនៃគម្រោង។

ប្រភពមួយចំនួនបានបង្ហើបថា ការចំណាយក្រៅផ្លូវការបែបនេះ ប្រសិនបើមានមែន អាចធ្វើឱ្យក្រុមហ៊ុនដែលកំពុងអនុវត្តគម្រោងសាធារណៈជួបការលំបាក ព្រោះក្រុមហ៊ុនត្រូវគិតគូរទាំងថ្លៃដើមសម្ភារៈ កម្លាំងពលកម្ម និងចំណាយប្រតិបត្តិការផ្សេងៗ ខណៈការចំណាយបន្ថែមដែលមិនមានក្នុងកិច្ចសន្យា អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងគុណភាពការងារ។

គម្រោងមូលនិធិឃុំ-សង្កាត់ គឺជាគម្រោងដែលមានគោលបំណងចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការសាងសង់ និងកែលម្អផ្លូវ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្ម។ ដូច្នេះ ប្រសិនបើមានការចំណាយក្រៅផ្លូវការកើតឡើងពាក់ព័ន្ធនឹងគម្រោងទាំងនេះ វាគួរត្រូវបានស្ថាប័នពាក់ព័ន្ធពិនិត្យ និងបញ្ជាក់ឱ្យបានច្បាស់ ដើម្បីធានាថា ថវិកាជាតិត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគម្រោងមូលនិធិឃុំសង្កាត់ រំពឹងថា អាជ្ញាធរខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ នឹងចុះពិនិត្យស្រាវជ្រាវលើការលើកឡើងនេះ ប្រសិនបើមានបណ្តឹង ឬព័ត៌មានដែលអាចផ្តល់ជាភស្តុតាង ដើម្បីបញ្ជាក់ថា តើមានការទាមទារថវិកា ឬផលប្រយោជន៍ក្រៅកិច្ចសន្យាពិតប្រាកដឬយ៉ាងណា និងដើម្បីធានាថា ការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ប្រព្រឹត្តទៅដោយតម្លាភាព និងគោរពតាមនីតិវិធី។

ជុំវិញការលេីកឡេីងខាងលេីនេះ លោក ឆេង   ចន្ថានាយកទីចាត់ការផែនវិនិយោគខេត្តតាកែវនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក មិនបានដឹងមន្ត្រីក្រោមឱបាទលោកទាំង១៣ នាក់ទារ លុយពីក្រុមអ្នកម៉ៅការពេលចុះពិនិត្យ ឬបិទគម្រោងស្ថាបនានោះ។  លោកបញ្ជាក់ថា រសៀលនេះលោកនឹងហៅមន្ត្រីក្រោមឱវាទមកសួរនាំ៕

Scroll to Top