ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញការដោះស្រាយសំណើ បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤-២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាក់ស្តែង តាមដែនសមត្ថកិច្ច និងត្រូវបន្តតាមដាន វាយតម្លៃ និងរាយការណ៍ពីវឌ្ឍនភាព ដោយមិនទុកឱ្យបញ្ហាអូសបន្លាយ។ ចំពោះបញ្ហាដែលលើសសមត្ថកិច្ចខេត្ត ត្រូវរៀបចំសំណើស្នើសុំការគាំទ្រពីថ្នាក់ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យរៀបចំអាទិភាពច្បាស់លាស់សម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូ ប្រឡាយរំដោះទឹក អគ្គិសនី ទឹកស្អាត និងសេវាសាធារណៈ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ជាពិសេស អាជ្ញាធរត្រូវពង្រឹងការគ្រប់គ្រងសំរាម សណ្តាប់ធ្នាប់ និងបរិស្ថាន ព្រមទាំងបន្តដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់ ដោយផ្តល់អាទិភាពដល់ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីកាត់បន្ថយការចំណាយ ពេលវេលា និងភាពតានតឹងរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានគោលបំណងជំរុញឱ្យសំណើ និងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈ ក្លាយជាដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាព។


