ខេត្តកណ្តាល៖ បញ្ហាការរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើជាទីតាំងលក់ដូរ និងការបណ្តោយឱ្យកើតមានភាពអនាធិបតេយ្យនៅតំបន់ជុំវិញផ្សារព្រែកខ្មែរ បានចោទជាសំណួរសួរទៅកាន់ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន មុនពេលមានបទបញ្ជា ឬការចុះអន្តរាគមន៍ផ្ទាល់ពីថ្នាក់ស្រុក។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក អឹម ប៊ុនថុល អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គីមហៃ អភិបាលស្រុក បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ត្រីសាលាស្រុក អាជ្ញាធរឃុំស្អាងភ្នំ កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ ចុះរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងផ្សារព្រែកខ្មែរ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ខេត្តកណ្តាល។
ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពកម្សោយ និងការប្រហែសក្នុងការអនុវត្តច្បាប់នាពេលកន្លងមករបស់អាជ្ញាធរឃុំ និងភូមិ ដែលបានបណ្តែតបណ្តោយឱ្យអាជីវកររំលោភយកចិញ្ចើមផ្លូវទាំងសងខាង ជិតក្លោងទ្វារវត្តស្អាងភ្នំ ធ្វើជាកន្លែងលក់ដូរតាមអំពើចិត្ត។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកទស្សនារមណីយដ្ឋានភ្នំស្អាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសោភ័ណភាពសាធារណៈទៀតផង។
ក្នុងឱកាសចុះពិនិត្យនោះ លោក អឹម ប៊ុនថុល បានជម្រុញ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ទីតាំងផ្សារ ឱ្យរៀបចំស្តង់លក់ដូរឱ្យមានរបៀបរៀបរយឡើងវិញ និងបានតម្រូវឱ្យអាជីវករដែលលក់លើចិញ្ចើមផ្លូវទាំងអស់ ត្រូវរុះរើ និងផ្អាកការលក់លើទ្រូងផ្លូវសាធារណៈ ដោយត្រូវចូលទៅលក់ក្នុងផ្សារវិញជាបន្ទាន់។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យទុកដាក់យានយន្តឱ្យមានសណ្តាប់ធ្នាប់ និងចូលរួមអនាម័យបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ទោះបីជាមានការចុះណែនាំពីថ្នាក់ស្រុកយ៉ាងណាក្តី ក៏សាធារណជន នៅតែសម្តែងការមន្ទិលសង្ស័យលើចីរភាពនៃការអនុវត្តនេះ ដោយសារកន្លងមក ការចុះរៀបចំសណ្តាប់ធ្នាប់ភាគច្រើនហាក់ដូចជា «វាយប្រហារតាមរលកធាតុអាកាស» ឬធ្វើឡើងតែមួយគ្រាៗប៉ុណ្ណោះ។
ដើម្បីឆ្លើយតបនឹងក្តីបារម្ភនេះ លោកអភិបាលរងស្រុក ក៏បានដាក់បទបញ្ជាបន្ថែមដល់អាជ្ញាធរឃុំ ភូមិ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ត្រូវបន្តតាមដាន និងត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាម្ចាស់ផ្សារ និងអាជីវករពិតជាបានអនុវត្តតាមកិច្ចសន្យា និងមិនត្រឡប់ទៅប្រព្រឹត្តល្មើសដូចមុនឡើយ។
មហាជន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ រង់ចាំមើលថា តើអាជ្ញាធរឃុំស្អាងភ្នំ នឹងមានឆន្ទៈពិតប្រាកដក្នុងការយាមកាម និងរក្សាសណ្តាប់ធ្នាប់នេះឱ្យបានគង់វង្ស ឬក៏នឹងបណ្តោយឱ្យភាពអនាធិបតេយ្យវិលត្រឡប់មកវិញ ក្រោយពេលក្រុមការងារថ្នាក់ស្រុកដកថយ?៕


