កំពង់ចាម៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ បានចុះជួបសំណេះសំណាល និងផ្តល់ជំនួយឧបត្ថម្ភផ្ទាល់ដល់សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន ៦រូប ក្នុងឃុំអារក្សត្នោត ដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃស្អែកនេះ។
ដើមចម្បងនៃជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ គឺដើម្បីចូលរួមសម្រាលបន្ទុកជីវភាព និងលើកកម្ពស់ស្មារតីសិស្សានុសិស្ស ឱ្យមានទំនុកចិត្តខ្ពស់មុនឈានជើងចូលមណ្ឌលប្រឡង។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥០០,០០០ រៀល ក្នុងម្នាក់ៗ សរុបចំនួន ៣,០០០,០០០ រៀល សម្រាប់បម្រើឱ្យការចំណាយលើការស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ និងតម្រូវការចាំបាច់ផ្សេងៗ អំឡុងពេលដំណើរការប្រឡង។
ក្រៅពីការឧបត្ថម្ភសម្ភារ និងថវិកា លោកស្នងការខេត្តក៏បានផ្តាំផ្ញើសារអប់រំ និងការណែនាំសំខាន់ៗមួយចំនួនដល់បេក្ខជនទាំងអស់ រួមមាន៖
១. ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន បរិភោគអាហារមានអនាម័យ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមដងផ្លូវ។
២. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងការណែនាំរបស់គណៈមេប្រយោគ ដើម្បីជៀសវាងកំហុសឆ្គងបច្ចេកទេសផ្សេងៗ។
៣. ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ចំណេះដឹងដែលបានខិតខំរៀនសូត្រកន្លងមក ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បានជូនពរឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងនេះធ្វើជាស្ពានចម្លងឈានទៅចាប់យកឱកាសសិក្សានៅកម្រិតឧត្តមសិក្សា និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត៕


