(កំពង់ចាម)៖ ដើម្បីធានាសុវត្ថិភាពរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋានសាងសង់សំណង់ស្ទាក់ទឹក និងការជួសជុលច្រាំងបាក់ ក្នុងស្រុកកងមាស។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ជាអន្តរាគមន៍ និងជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការឆ្លើយតបចំពោះការលំបាក និងជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងរួមមាន៖
១. ការជួសជុល និងរៀបថ្មកញ្ចប់ការពារច្រាំងបាក់៖ ប្រវែង ៤៦៥ ម៉ែត្រ (សម្រេចបាន ១០០%) ជួយទប់ស្កាត់ការបាក់ច្រាំងព្រែក និងការពារដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋបានយ៉ាងរឹងមាំ។
២. ការចាក់ផ្លូវបេតុងអាមេ៖ ប្រវែង ៤៦៥ ម៉ែត្រ (សម្រេចបាន ១០០%) សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលបានលឿនរហ័សគ្រប់រដូវកាល។
៣. សំណង់ស្ទាក់ទឹក (ស្ថិតក្នុងឃុំស្តៅ)៖ (សម្រេចបានប្រមាណ ៤០%) នឹងក្លាយជាប្រភពទឹកស្ទាក់ដ៏សំខាន់សម្រាប់បម្រើឱ្យការបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តាមដានដំណើរការសាងសង់ឱ្យបានជាប់លាប់បំផុត ដោយផ្អែកលើ «ស្តង់ដារបច្ចេកទេស និងគុណភាពជាចម្បង» ដើម្បីធានាឱ្យសំណង់ទាំងនេះមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក៕


