(កំពង់ចាម)៖ ដើម្បីធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូចុះត្រួតពិនិត្យផ្ទាល់នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម មុនថ្ងៃប្រឡងផ្លូវការមកដល់នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ការអញ្ជើញចុះពិនិត្យទីតាំងប្រឡងនាឱកាសនេះ មានការចូលរួមអមដំណើរពី ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។
ប្រតិភូអមដំណើរបានចុះពិនិត្យស្ថានភាពជាក់ស្តែង ការរៀបចំបន្ទប់ប្រឡង សណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមមណ្ឌលប្រឡងចំនួន ៥ ក្នុងក្រុងកំពង់ចាម រួមមាន៖
១. មណ្ឌលវិទ្យាល័យ ព្រះសីហនុ
២. មណ្ឌលវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក
៣. មណ្ឌលវិទ្យាល័យ ដីដុះ
៤. មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត
៥ .មណ្ឌលវិទ្យាល័យ សំបួរមាស
សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ ខេត្តកំពង់ចាមទទួលបានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយមានទិន្នន័យបច្ចេកទេសដូចខាងក្រោម៖
បេក្ខជនប្រឡងសរុប៖ ៩.៥៧៥ នាក់ (ស្រី ៥.៦៨៣ នាក់)
មណ្ឌលប្រឡងសរុប៖ ១៦ មណ្ឌល
ការចុះត្រួតពិនិត្យមុនកាលបរិច្ឆេទប្រឡងនេះ ធ្វើឡើងក្នុងគោលបំណងផ្ទៀងផ្ទាត់ការរៀបចំសម្ភារ បរិស្ថានជុំវិញមណ្ឌល កម្លាំងការពារសន្តិសុខ-សណ្តាប់ធ្នាប់ និងការសម្របសម្រួលផ្នែកសុខាភិបាល ដើម្បីធានាបាននូវបរិយាកាសស្ងប់ស្ងាត់ មានសុវត្ថិភាពខ្ពស់ និងផ្តល់ទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ និង «អ្នកចេះគឺជាប់»៕


