ប្រជាពលរដ្ឋរអ៊ូរទាំរឿងក្លិនគំរាមកំហែងសុខភាព៖ មន្ត្រីមូលដ្ឋាន និងស្ថាប័នជំនាញរងការរិះគន់ជុំវិញភាពស្ងប់ស្ងាត់ និងការអសកម្មលើករណីរោងចក្របារីនៅខណ្ឌកំបូល

ប្រជាពលរដ្ឋរអ៊ូរទាំរឿងក្លិនគំរាមកំហែងសុខភាព៖ មន្ត្រីមូលដ្ឋាន និងស្ថាប័នជំនាញរងការរិះគន់ជុំវិញភាពស្ងប់ស្ងាត់ និងការអសកម្មលើករណីរោងចក្របារីនៅខណ្ឌកំបូល

រាជធានីភ្នំពេញ៖ ការសង្ស័យលើប្រតិបត្តិការគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការបំភាយក្លិនគីមី-ថ្នាំជក់ចេញពីរោងចក្រផលិតបារីមួយកន្លែង ស្ថិតនៅផ្លូវប្រឡាយ ភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងបង្កើតជាសំណួរចោទប្រកាន់ជាច្រើនជុំវិញប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ផលប៉ះពាល់ និងការខកខានក្នុងការដោះស្រាយរបស់អាជ្ញាធរ។

ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើបានជួបប្រទះនូវក្លិនឈួលខ្លាំង ធ្វើឱ្យកើតមានអាការៈឈឺក្បាល ចង់ក្អួត និងពិបាកដកដង្ហើមជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលមានខ្យល់បក់ខ្លាំង។

ទោះបីជាប្រជាពលរដ្ឋបានសម្តែងការតវ៉ា និងរាយការណ៍ជាច្រើនលើកច្រើនសារយ៉ាងណាក្តី អាជ្ញាធរមូលដ្ឋានហាក់បង្ហាញជំហរស្ទាក់ស្ទើរ មិនអើពើ និងគ្មានចំណាត់ការជាក់លាក់ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខជូនពលរដ្ឋនោះឡើយ។

រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានវត្តមានមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធចុះធ្វើអធិការកិច្ច ដើម្បីផ្ទៀងផ្ទាត់លិខិតបទដ្ឋានគតិយុត្ត ឬវាស់វែងកម្រិតផលប៉ះពាល់បរិស្ថាននៅឡើយ ដែលជាហេតុធ្វើឱ្យទីតាំងនេះដំណើរការយ៉ាងរលូនដោយគ្មានការរំខាន។

ផ្អែកលើទុក្ខកង្វល់ និងការគំរាមកំហែងដល់សុខុមាលភាពរស់នៅ ប្រជាពលរដ្ឋសូមស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ មេត្តាជួយចាត់វិធានការក្តៅ៖

ស្នើសុំឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ចាត់មន្ត្រីជំនាញចុះពិនិត្យឡើងវិញនូវច្បាប់អនុញ្ញាតអាជីវកម្ម បទដ្ឋានបច្ចេកទេស និងគុណភាពនៃការផលិតឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។

ស្នើសុំឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ចាត់ក្រុមការងារអធិការកិច្ចចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងទប់ស្កាត់ការបំភាយសារធាតុពុលចូលទៅក្នុងបរិយាកាស។

ស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៖ ជំរុញ និងបញ្ជាឱ្យអាជ្ញាធរខណ្ឌកំបូល ចុះពិនិត្យផ្ទាល់ និងឆ្លើយតបចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយ ឬបំភ្លឺគ្រប់ពេលវេលាពីតំណាងរោងចក្រផលិតបារីខាងលើ ព្រមទាំងអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាតម្លាភាព និងតុល្យភាពព័ត៌មានស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

img 20260804 152636 550 1024x576 img 20260804 152636 982 1024x576 img 20260804 152636 584 1024x576 img 20260804 152636 772 1024x576 img 20260804 152637 005 1024x576

Scroll to Top