ខេត្តកណ្តាល៖ សមិទ្ធផលស្ពានបេតុង និងផ្លូវថ្មីនៅភូមិកោះចំរើន មិនត្រឹមតែជាសំណង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្រែក្លាយទុក្ខសោក និងការបាត់បង់ដ៏ឈឺចាប់ ឱ្យទៅជាក្តីសង្ឃឹម ការអភិវឌ្ឍ និងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន។
នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុង និងផ្លូវភ្ជាប់ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមរបស់ ឯកឧត្តម គួច ចំរើន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
ទិន្នន័យបច្ចេកទេសនៃសមិទ្ធផល៖
ស្ពានបេតុង៖ ប្រវែង ៥៤ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ
លូជ្រុង៖ មុខកាត់ ២ ម៉ែត្រ ប្រវែង ១២ ម៉ែត្រ
ផ្លូវបេតុងអាមេ៖ ប្រវែង ៣០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និងកម្រាស់ ០.២ ម៉ែត្រ
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានរំលឹកដោយក្តីក្តុកក្តួលអំពីហេតុការណ៍លិចទូកដ៏សោកសៅ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកអាយុជីវិតសិស្សានុសិស្សចំនួន ១១ នាក់។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនាពេលនេះ គឺជាការឆ្លើយតបយ៉ាងពិតប្រាកដ និងជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការប្រែក្លាយការបាត់បង់នោះ ទៅជាសមិទ្ធផលប្រវត្តិសាស្ត្រដែលជួយការពារជីវិតមនុស្ស និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជារៀងរហូត។
ការទទួលបានស្ពាន និងផ្លូវបេតុងថ្មីនេះ បានបញ្ចប់ទាំងស្រុងនូវក្តីបារម្ភ និងហានិភ័យក្នុងការធ្វើដំណើរតាមផ្លូវទឹកដូចពេលអតីតកាល ដោយផ្តល់នូវសុវត្ថិភាព ភាពងាយស្រួល និងបើកទំព័រអភិវឌ្ឍន៍ថ្មីសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះចំរើន៕


