ខេត្តកំពង់ចាម៖ ស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់ក្រុមការងារនៅថ្នាក់មូលដ្ឋាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងលោក តាំង ឡេងឆេង ដឹកនាំក្រុមការងារចុះជួយភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺរបស់លោក អេល ហ៊ីម ប្រធានក្រុមការងារតំបន់បុសកន្ទួត នៃភូមិពោន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
នាឱកាសនោះ តំណាងលោកស្នងការ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោក អេល ហ៊ីម និងគ្រួសារ ដើម្បីចូលរួមសម្រាលបន្ទុកចំណាយ និងសម្រួលដល់ការសម្រាកព្យាបាលជំងឺ។
ទន្ទឹមនឹងនោះ តាមរយៈក្រុមការងារ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានសម្តែងនូវការព្រួយបារម្ភ និងបានស្នើសុំយ៉ាងទទូចដល់ក្រុមគ្រូពេទ្យឯកទេស ឱ្យជួយយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យស្ថានភាពជំងឺ និងផ្តល់ការព្យាបាលឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យគាត់បានជាសះស្បើយ និងវិលត្រឡប់មកជួបជុំគ្រួសារ ព្រមទាំងបន្តបេសកកម្មបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញនាពេលឆាប់ៗខាងមុខនេះ៕


