ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីកំហែងយកប្រាក់ និងលួចយកឈើពីប្រជាពលរដ្ឋ

ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីកំហែងយកប្រាក់ និងលួចយកឈើពីប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យស្រាលម្នាក់ ពាក់ព័ន្ធនឹងករណីកំហែងយក (ជម្រិតទារប្រាក់) និងយកទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលបានប្រព្រឹត្តនៅក្រុងបានលុង កាលពីពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ផ្លូវការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងសមត្ថកិច្ចបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈៀង តុងហាន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិថារ៉ងចង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីវេលាម៉ោង ១៣:២០ នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចខាងក្រោយមន្ទីរបរិស្ថានខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ នាងបានដឹកឈើចំនួន ៩ កន្ទុយ ចេញពីផ្ទះដើម្បីយកទៅកែច្នៃធ្វើទូខោអាវនៅជិតសាលាឡាបានសៀក។ ខណៈពេលកំពុងធ្វើដំណើរ ស្រាប់តែជនសង្ស័យឈ្មោះ ឈៀង តុងហាន បានជិះម៉ូតូដេញតាម និងស្រែកបង្ខំឱ្យនាងឈប់ម៉ូតូ។ ដោយមានការភ័យខ្លាច នាងបានជិះម៉ូតូគេច រហូតដល់ចំណុចខាងក្រោយមន្ទីរបរិស្ថាន ទើបដេញទាន់។

នៅទីនោះ ជនសង្ស័យបានធ្វើការគំរាមកំហែង និងទារប្រាក់ពីស្ត្រីរងគ្រោះចំនួន ៦០០,០០០ រៀល ដោយអះអាងថាជា «ថ្លៃសេវាដឹកឈើ» ប្រចាំខែចំនួន ៤ ខែ (ក្នុងមួយខែ ១៥០,០០០ រៀល)។ ទោះបីជាស្ត្រីរងគ្រោះបានពន្យល់ថា ឈើទាំងនេះជាឈើដែលយកទៅធ្វើទូប្រើប្រាស់ផ្ទាល់ខ្លួន និងបានឈប់ធ្វើអាជីវកម្មដឹកឈើហើយយ៉ាងណាក៏ដោយ ក៏ជនសង្ស័យនៅតែប្រើប្រាស់ពាក្យសំដីអសុរោះ និងគំរាមប្រើហិង្សាលើរូបនាងថែមទៀតផង។

ដោយសារតែការភ័យខ្លាច ស្ត្រីរងគ្រោះបានទម្លាក់ឈើទាំង ៩ កន្ទុយនោះចោលនៅកន្លែងកើតហេតុ រួចជិះម៉ូតូចេញទៅ។ ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយមក នៅពេលនាងត្រឡប់មកវិញ ស្រាប់តែឈើទាំងនោះត្រូវបានបាត់បង់អស់។ តាមការបញ្ជាក់ពីអ្នកជិតខាងនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈៀង តុងហាន បានហៅបក្សពួកជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ មកដឹកជញ្ជូនយកឈើទាំងនោះចេញទៅបាត់ស្រមោល។

ក្រោយទទួលបានបណ្តឹង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យរូបនេះភ្លាមៗ។ បច្ចុប្បន្ន ជនសង្ស័យត្រូវ បានឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

img 20260724 084559 133 img 20260724 084602 190 img 20260724 084606 999

Scroll to Top