ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញសេចក្តីបំភ្លឺ ក្រោយមានការចោទប្រកាន់រឿង «ថ្លៃទឹកប៊ិច» ក្នុងសេវាធ្វើអត្តសញ្ញាណប័ណ្ណ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញសេចក្តីបំភ្លឺ ក្រោយមានការចោទប្រកាន់រឿង «ថ្លៃទឹកប៊ិច» ក្នុងសេវាធ្វើអត្តសញ្ញាណប័ណ្ណ

(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គណនីហ្វេសប៊ុកឈ្មោះ «រួបរួម ខ្មែរខ្លាំង» ដែលបានខមិនលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អំពីករណីទាមទារប្រាក់ “ថ្លៃទឹកប៊ិច” ក្នុងការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ។

ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកការពិត។

ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលក្រុងសំពៅពូន បានចាត់តាំងមន្ត្រីជំនាញ សហការជាមួយនាយផ្នែកអត្តសញ្ញាណកម្ម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ដើម្បីអញ្ជើញម្ចាស់គណនីហ្វេសប៊ុកខាងលើ គឺលោក សន ចាន់សុង មកបំភ្លឺ។

តាមការបំភ្លឺ លោក សន ចាន់សុង បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកបាននាំអតីតប្រពន្ធទៅបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ នៅស្ថានីយថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធ) ក្នុងរាជធានីភ្នំពេញ។ នៅទីនោះ លោកបានអះអាងថា មានអ្នកម្នាក់ស្លៀកពាក់ស៊ីវិល បានស្នើសុំប្រាក់ចំនួន ៤ម៉ឺនរៀល ដោយលោកមិនបានបញ្ជាក់អត្តសញ្ញាណច្បាស់ថាជាមន្ត្រី ឬជាបុគ្គលណាមួយឡើយ។

ក្រោយមានហេតុការណ៍នេះ លោកបានបង្ហោះខមិនទៅលើផេកហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន ដោយលើកឡើងថា ករណីនេះកើតឡើងពាក់ព័ន្ធនឹងមន្ត្រីក្នុងខេត្តកណ្តាល ប៉ុន្តែតាមការស្រាវជ្រាវបញ្ជាក់ថា ទីតាំងដែលមានបញ្ហានោះ គឺស្ថិតនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងរាជធានីភ្នំពេញ មិនមែនជាការិយាល័យផ្តល់សេវារបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះទេ។

ចំណាត់ការរបស់សមត្ថកិច្ច៖

*១. ធ្វើការអប់រំណែនាំដល់លោក សន ចាន់សុង ឱ្យមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយត្រូវផ្អែកលើការពិត និងមានប្រភពច្បាស់លាស់។

*២. លុបខ្លឹមសារដែលបានផ្សព្វផ្សាយ ដែលអាចបង្កឱ្យសាធារណជនមានការយល់ច្រឡំ។

*៣. ធ្វើការសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ តាមរយៈលិខិត និងវីដេអូបំភ្លឺ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ឬចែករំលែក ដើម្បីចៀសវាងការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ឬស្ថាប័នណាមួយ៕

photo 2026 07 23 16 54 30 1024x683 photo 2026 07 23 16 55 29 907x580 photo 2026 07 23 16 54 29 1024x768 photo 2026 07 23 16 54 37

Scroll to Top