ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូថ្មី ក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានសម្តែងការព្រួយបារម្ភ និងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យចុះពិនិត្យសកម្មភាពអាជីវកម្មរបស់ដេប៉ូខ្សាច់គ្មានយីហោមួយកន្លែង ដែលកំពុងរងការរិះគន់ថា បាននិងកំពុងបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ប្រភពបន្តថា រហូតមកដល់រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ សកម្មភាពដឹកជញ្ជូនខ្សាច់ចេញពីដេប៉ូខាងលើ នៅតែបន្តធ្វើឡើងយ៉ាងមមាញឹក។ ប្រជាពលរដ្ឋបានរាយការណ៍ថា រថយន្តដឹកខ្សាច់ធំៗបានបើកបរក្នុងល្បឿនលឿន និងធ្វើឱ្យជ្រុះខ្សាច់គរលើផ្ទៃផ្លូវ ដែលបង្កជាហានិភ័យខ្ពស់សម្រាប់អ្នកធ្វើដំណើរ ជាពិសេសអ្នកជិះម៉ូតូ។ ជាងនេះទៅទៀត កំណាត់ផ្លូវនៅចំពោះមុខទីតាំងដេប៉ូនោះ បានចាប់ផ្តើមរងការស្រុត និងខូចខាតមុនអាយុកាល ដែលសង្ស័យថាបណ្តាលមកពីការផ្ទុកលើសទម្ងន់ និងការហូរជ្រាបទឹកភក់ពីឡានដឹកខ្សាច់។
សកម្មភាពទាំងនេះ ត្រូវបានគេមើលឃើញថា ហាក់បីដូចជាមិនទាន់បានអនុវត្តស្របតាមខ្លឹមសារនៃសេចក្តីសម្រេចស្តីពីបទដ្ឋានបច្ចេកទេស របស់រដ្ឋបាលខេត្តកណ្ដាល ដែលចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខេត្ត នោះឡើយ។
តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល កន្លងមក បានកំណត់យ៉ាងច្បាស់ថា គ្រប់អាជីវកម្មដេប៉ូខ្សាច់សំណង់ និងការដឹកជញ្ជូន ត្រូវតែគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមទាំងការទទួលខុសត្រូវការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រក្សាសណ្ដាប់ធ្នាប់ បរិស្ថានជុំវិញទីតាំងអាជីវកម្ម និងដាច់ខាតមិនត្រូវផ្ទុកលើសទម្ងន់កំណត់នោះទេ។ ក្នុងករណីបង្កឱ្យមានការខូចខាត ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន បន្ទាប់ពីមានការត្រួតពិនិត្យពីស្ថាប័នជំនាញ។
ទាក់ទិននឹងករណីនេះ ករណីនេះប្រជាពលរដ្ឋបានទទូចសំណូមពរយ៉ាងទទូចដល់ អាជ្ញាធរសង្កាត់រកាខ្ពស់, លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ព្រមទាំងមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល មេត្តាចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដេប៉ូខ្សាច់ខាងលើ ទាំងលើទិដ្ឋភាពច្បាប់ អាជ្ញាបណ្ណ និងការអនុវត្តលក្ខខណ្ឌបច្ចេកទេស។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រសិនបើរកឃើញថាមានការបំពាន ដើម្បីការពារសុវត្ថិភាពសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ៕


