ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងចាប់ផ្ដើមសាងសង់លំនៅឋាននៅលើដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិលេខ១ «ក» សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយពីមានការផ្សព្វផ្សាយពាណិជ្ជកម្មថា «ទិញភ្លាម សាងសង់បានភ្លាម»។ ករណីនេះបានបង្កឱ្យមានការជជែកដេញដោល និងចោទសួរពីមជ្ឈដ្ឋានជុំវិញនីតិវិធីនៃការសុំច្បាប់អនុញ្ញាតសាងសង់។
ទោះជាយ៉ាងណា យោងតាមច្បាប់សំណង់ជាធរមាន ការផ្សព្វផ្សាយក្នុងរូបភាពទាក់ទាញបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំថា អាចសាងសង់សំណង់បានភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីច្បាប់។ ជាក់ស្តែង ការសាងសង់អគារ ឬលំនៅឋាន ទោះបីជាលើដីកម្មសិទ្ធិផ្ទាល់ខ្លួន ឬដីឡូតិ៍ដែលបានទិញស្របច្បាប់ក៏ដោយ គឺដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអាជ្ញាធរមានសមត្ថកិច្ច មុននឹងចាប់ផ្ដើមដំណើរការសាងសង់។
ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់សំណង់ ការតម្រូវឱ្យមានច្បាប់អនុញ្ញាត គឺដើម្បីធានាថា សំណង់នីមួយៗមានសុវត្ថិភាព ស្របតាមស្តង់ដារបច្ចេកទេស មិនប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក ផ្លូវសាធារណៈ សុវត្ថិភាពអ្នកជិតខាង និងបរិស្ថានជុំវិញ។ ផ្ទុយទៅវិញ ការសាងសង់ដោយគ្មានការអនុញ្ញាត អាចនឹងត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល ដូចជាការផ្អាកការដ្ឋានជាបណ្តោះអាសន្ន ការតម្រូវឱ្យកែសម្រួលសំណង់ ឬវិធានការផ្លូវច្បាប់ផ្សេងៗទៀត។
ទាក់ទិននឹងករណីនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងនៅថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៦ នេះថា ការប្រើប្រាស់ពាក្យស្លោក «ទិញភ្លាម សាងសង់បានភ្លាម» ដោយគ្មានការពន្យល់បន្ថែម អាចធ្វើឱ្យអ្នកទិញយល់ច្រឡំថាជាការបើកដៃឱ្យសាងសង់សេរី។ ពលរដ្ឋបានសំណូមពរដល់ម្ចាស់គម្រោងដីឡូតិ៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សង្កាត់ស្វាយរលំ និងរដ្ឋបាលក្រុងតាខ្មៅ ជួយផ្តល់ការណែនាំ និងបំភ្លឺជាសាធារណៈអំពីនីតិវិធីច្បាប់ ដើម្បីឱ្យអ្នកទិញដីអាចអនុវត្តបានត្រឹមត្រូវ ជៀសវាងការខាតបង់ថវិកា និងពេលវេលាដោយសារការសាងសង់ខុសច្បាប់។
អ្នកជំនាញផ្នែកសំណង់បានគូសបញ្ជាក់ផងដែរថា ការអភិវឌ្ឍលំនៅឋានប្រកបដោយនិរន្តរភាព មិនត្រឹមតែផ្តោតលើភាពរហ័សរហួននោះទេ ប៉ុន្តែត្រូវឈរលើមូលដ្ឋាននៃការគោរពច្បាប់ ស្ដង់ដារបច្ចេកទេស និងការទទួលខុសត្រូវខ្ពស់ចំពោះសុវត្ថិភាពសហគមន៍៕


