ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានសម្តែងការព្រួយបារម្ភចំពោះការលេចឡើងនូវសំណង់ចំនួន ២កន្លែង ដែលកំពុងសាងសង់ជិតរួចរាល់ ដោយពុំឃើញមានការដាក់បង្ហាញលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋាន ស្របតាមនីតិវិធីច្បាប់ស្តីពីសំណង់នោះឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សំណង់ទាំងពីរទីតាំង ដែលមួយកន្លែងជាប្រភេទផ្ទះជួល និងមួយកន្លែងទៀតជាលំនៅដ្ឋាន ស្ថិតនៅច្រកចូលផ្ទះសំណាក់ដំណក់ទឹក ចុះពីផ្លូវជាតិលេខ២១ ប្រមាណ ១៨៩ម៉ែត្រ។ ករណីនេះ បានធ្វើឱ្យមានការចោទជាសំណួរពីសំណាក់អ្នកជិតខាង អំពីបទដ្ឋានបច្ចេកទេស និងសុវត្ថិភាពនៃការសាងសង់ ស្របពេលដែលមិនឃើញមានឯកសារច្បាប់បង្ហាញជាសាធារណៈនៅទីតាំងផ្ទាល់។
យោងតាមច្បាប់ស្តីពីសំណង់របស់ព្រះរាជាណាចក្រកម្ពុជា គ្រប់ការដ្ឋានសាងសង់ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋាន ហើយត្រូវបិទផ្សាយព័ត៌មាននេះនៅទីតាំងសាងសង់ ដើម្បីធានាតម្លាភាព និងអនុញ្ញាតឱ្យមន្ត្រីជំនាញ ក៏ដូចជាសាធារណជនអាចពិនិត្យបាន។ ការសាងសង់ដោយគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ អាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែករចនាសម្ព័ន្ធ គុណភាពគ្រឹះ សុវត្ថិភាពអគ្គិភ័យ និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬផ្ទះប្រជាពលរដ្ឋនៅក្បែរខាង។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំណូមពរដល់អាជ្ញាធរសង្កាត់តាខ្មៅ ក៏ដូចជាមន្ត្រីជំនាញនៃរដ្ឋបាលក្រុងតាខ្មៅ មេត្តាចុះពិនិត្យ និងផ្ទៀងផ្ទាត់ផ្លូវច្បាប់លើទីតាំងសាងសង់ទាំងពីរនេះ ដើម្បីធានាថាការអភិវឌ្ឍសំណង់ក្នុងមូលដ្ឋាន ត្រូវបានធ្វើឡើងដោយស្របច្បាប់ មានតម្លាភាព និងមានសុវត្ថិភាពខ្ពស់សម្រាប់សហគមន៍។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ អង្គភាពសារព័ត៌មានពេញចិត្តមេឌា មិនទាន់អាចសុំការបំភ្លឺពីម្ចាស់សំណង់ ឬអាជ្ញាធរដែនដីសង្កាត់តាខ្មៅ និងមន្ត្រីជំនាញក្រុងតាខ្មៅបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ យើងនឹងបន្តស្វែងរកការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្សាយជូននៅពេលក្រោយ៕


