ខេត្តកណ្ដាល៖ ករណីសំណង់មួយកន្លែង ដែលកំពុងបន្តសាងសង់យ៉ាងមមាញឹក ដោយរងការចោទប្រកាន់ថាបានរំលោភលើដីចំណីទន្លេ (ដីច្រាំងទន្លេ) តាមបណ្ដាយផ្លូវកៅស៊ូលេខ២១អា ស្ថិតនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងរងការរិះគន់ និងបង្កើតជាសំណួរពីមហាជនជុំវិញប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ការណ៍នេះកើតឡើង បន្ទាប់ពីអាជ្ញាធរសង្កាត់បានអះអាងថា បានចេញលិខិតណែនាំឱ្យផ្អាកការសាងសង់ចំនួន ២លើករួចមកហើយ ប៉ុន្តែសកម្មភាពសាងសង់នៅតែបន្តទៅមុខ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សែត វន្នី ចៅសង្កាត់សិត្បូ បានបញ្ជាក់ថា ខាងលោកពិតជាបានណែនាំម្ចាស់សំណង់ឱ្យទៅសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវពីខាងរដ្ឋបាលក្រុងតាខ្មៅ និងបានចេញលិខិតឱ្យផ្អាកការសាងសង់ចំនួន២លើករួចមកហើយ។ ទោះជាយ៉ាងណា លោកចៅសង្កាត់ទទួលស្គាល់ថា ម្ចាស់សំណង់មិនទាន់បានអនុវត្តតាមការណែនាំឡើយ ដោយក្រុមជាងនៅតែបន្តសកម្មភាពសាងសង់ដដែល។
ស្របពេលជាមួយគ្នានេះ ស្មៀនសង្កាត់សិត្បូក៏បានអះអាងស្របគ្នាជុំវិញការចេញលិខិតផ្អាកទាំងពីរលើកនេះដែរ ប៉ុន្តែគិតត្រឹមម៉ោងផ្សាយនេះ ខាងសារព័ត៌មានពេញចិត្តមេឌា មិនទាន់ទទួលបានឯកសារលិខិតទាំងនោះ ដើម្បីផ្ទៀងផ្ទាត់ជាផ្លូវការនៅឡើយទេ។ ដោយឡែក អង្គភាពសារព័ត៌មានពេញចិត្តមេឌា ក៏កំពុងស្វែងរកការបកស្រាយពីភាគីម្ចាស់សំណង់ ឬតំណាងច្បាប់ ដើម្បីផ្តល់ការពន្យល់ជុំវិញករណីនេះផងដែរ។
ករណីនេះបានធ្វើឱ្យសាធារណជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្ហាញការព្រួយបារម្ភថា ការបណ្តែតបណ្តោយឱ្យសំណង់ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត អាចបន្តដំណើរការបាន បើទោះជាមានលិខិតហាមឃាត់ផ្លូវការពីអាជ្ញាធរថ្នាក់ក្រោមជាតិក៏ដោយ អាចនឹងបង្កើតជាគំរូមិនល្អមួយក្នុងការអនុវត្តនីតិរដ្ឋ ជាពិសេសលើការគ្រប់គ្រងសំណង់ និងការការពារដីចំណីទន្លេ។
យោងតាមច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិជាធរមាន រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថាន។ ករណីដែលកើតឡើងនេះ នាំឱ្យមានការអំពាវនាវពីមហាជន ស្នើរសុំឱ្យលោក ឃឹម សំភារ អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ចាត់មន្ត្រីជំនាញចុះពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់ភាពស្របច្បាប់ នៃសំណង់ខាងលើ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ឱ្យមានតម្លាភាព និងស្មើភាពគ្នា ចំពោះគ្រប់ភាគីពាក់ព័ន្ធ៕


