នគរបាលស្រុកគិរីវង់ រឹតបន្តឹងសន្តិសុខ! ដាក់គោលដៅត្រួតពិនិត្យអាវុធ គ្រឿងញៀន និងជាតិអាល់កុល លើផ្លូវជាតិលេខ២

នគរបាលស្រុកគិរីវង់ រឹតបន្តឹងសន្តិសុខ! ដាក់គោលដៅត្រួតពិនិត្យអាវុធ គ្រឿងញៀន និងជាតិអាល់កុល លើផ្លូវជាតិលេខ២

ខេត្តតាកែវ៖ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋាន កម្លាំងនគរបាលស្រុកគិរីវង់ បានបន្តអនុវត្តវិធានការរឹតបន្តឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុញៀន និងជាតិអាល់កុល តាមដងផ្លូវសាធារណៈ សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដោយលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ និងមានការដឹកនាំសហការពីលោកឧត្តមសេនីយ៍ត្រី ហុិន សុខេង ស្នងការរងទទួលផែននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញសណ្តាប់ធ្នាប់។

កម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយផ្តោតលើការត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុញៀន ការបើកបរក្រោមឥទ្ធិពលជាតិអាល់កុល និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការពង្រឹងសន្តិសុខសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំងនគរបាល ដោយគោរពច្បាប់ចរាចរណ៍ បើកបរដោយសុវត្ថិភាព មិនប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ និងមិនពាក់ព័ន្ធនឹងគ្រឿងញៀន ឬអាវុធខុសច្បាប់។

អាជ្ញាធរ និងសមត្ថកិច្ច ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ឱ្យបន្តអប់រំ ណែនាំ និងតាមដានកូនចៅរបស់ខ្លួន កុំឱ្យដើរហើរនៅពេលយប់ជ្រៅដោយគ្មានការចាំបាច់ ដើម្បីជៀសវាងការប្រឈមនឹងហានិភ័យផ្សេងៗ និងរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍៕

img 20260709 121938 172 img 20260709 121937 430 img 20260709 121937 431 img 20260709 121937 657 img 20260709 121938 276 img 20260709 121938 018 img 20260709 121937 515 img 20260709 121937 961 img 20260709 121937 467

Scroll to Top