ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញទស្សនកិច្ច និងពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យ SRM University Delhi-NCR

ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញទស្សនកិច្ច និងពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យ SRM University Delhi-NCR

ឥណ្ឌា៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអញ្ជើញទស្សនកិច្ច និងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យ SRM University Delhi-NCR ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខមួយ ស្ថិតនៅជិតទីក្រុងញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។

ឯកឧត្តម បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Paramjit Singh Jaswal សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ SRM University Delhi-NCR ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងសាកលវិទ្យាល័យ SRM University Delhi-NCR ជាពិសេសការបង្កើតឱកាសឱ្យយុវជនកម្ពុជាទទួលបានការសិក្សាប្រកប ដោយគុណភាព តាមរយៈកម្មវិធីអាហារូបករណ៍លើមុខជំនាញជាច្រើន ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារអន្តរជាតិ។

លោកសាស្ត្រាចារ្យ Paramjit Singh Jaswal បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានបង្ហាញពីសមិទ្ធផល និងសក្ដានុពលរបស់សាកលវិទ្យាល័យ SRM University Delhi- NCR ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព ស្របតាមស្តង់ដារអន្តរជាតិ។ លោក ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់សាកលវិទ្យាល័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននៅកម្ពុជា និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីជួយលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងបង្កើនការផ្លាស់ប្តូរផ្នែកអប់រំរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធាន មនុស្ស គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ការពង្រឹងជំនាញវិជ្ជាជីវៈ និងការរៀបចំយុវជនឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងយុគសម័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងបន្ថែមថា កម្មវិធីអាហារូបករណ៍ដែលសាកលវិទ្យាល័យផ្តល់ជូន មិនត្រឹមតែជាឱកាសសម្រាប់និស្សិតកម្ពុជាបន្តការសិក្សា នៅគ្រឹះស្ថានដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចក្ខុវិស័យអន្តរជាតិ ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីកិច្ចពិភាក្សា ឯកឧត្តម និងគណៈប្រតិភូ បានអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារអប់រំរបស់សាកលវិទ្យាល័យ រួមមានអគារសិក្សា មន្ទីរពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ បណ្ណាល័យឌីជីថល និងបរិក្ខារទំនើបៗផ្សេងទៀត ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបង្រៀន ការសិក្សា និងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងរៀបចំបង្កើតក្រុមការងារបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈរួមគ្នារវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ SRM University Delhi-NCR នាពេលខាងមុខនេះ ក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មករៀននៅប្រទេសឥណ្ឌា ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាពអន្តរជាតិ ក្នុងមុខជំនាញដូចជា បច្ចេកវិទ្យាព័ត៌មាន វិស្វកម្ម បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ (Data Science) គ្រប់គ្រងពាណិជ្ជកម្ម សុខាភិបាល វិទ្យាសាស្ត្រ និងមុខជំនាញសំខាន់ៗ។ ជាមួយគ្នានេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀតនាពេលអនាគត៕

img 20260627 090839 390 img 20260627 090839 770 img 20260627 090839 109 img 20260627 090839 623 img 20260627 090838 979 img 20260627 090839 639 img 20260627 090839 365 img 20260627 090839 342 img 20260627 090839 567 img 20260627 090839 509

Scroll to Top