សមាគមយុវជនពន្លឺព្រះចន្ទ ចែកសម្ភារសិក្សាជូនសិស្សក្រីក្រ ១៣នាក់ នៅសាលាបឋមសិក្សាត្រសក់ផ្អែម ខេត្តតាកែវ

សមាគមយុវជនពន្លឺព្រះចន្ទ ចែកសម្ភារសិក្សាជូនសិស្សក្រីក្រ ១៣នាក់ នៅសាលាបឋមសិក្សាត្រសក់ផ្អែម ខេត្តតាកែវ

ខេត្តតាកែវ៖ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងសម្រាលការលំបាករបស់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឆ្លើយតបតាមសំណើរបស់លោកនាយកសាលា សមាគមយុវជនពន្លឺព្រះចន្ទ បានរៀបចំពិធីចែកឯកសណ្ឋានសិស្សនិងសម្ភារសិក្សាជូនសិស្សចំនួន ១៣នាក់ នៅសាលាបឋមសិក្សាត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមយុវជនពន្លឺព្រះចន្ទ ចូលរួមដោយលោក សុខ គង្គារ័ត្ន អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ។

ពិធីនេះក៏មានការចូលរួមពីលោក ណុប សុផាត លោក មន បុត្រ លោក ស៊ីម បូរី លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា ព្រមទាំងសប្បុរសជនជាច្រើន ដែលបានរួមគ្នាបង្ហាញពីស្មារតីចែករំលែក និងការគាំទ្រដល់វិស័យអប់រំ។ ក្នុងនោះសិស្សម្នាក់ៗទទួលបានសម្ភារសិក្សារួមមាន ឯកសណ្ឋានសិស្ស ១កំប្លេ ស្បែកជើង ១គូ សៀវភៅ និងប៊ិច ដែលជាអំណោយសម្រាប់ជួយសម្រួលដល់ការសិក្សា និងជំរុញឱ្យសិស្សានុសិស្សបន្តការសិក្សាដោយភាពជឿជាក់។

ឯកឧត្តម ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានលើកឡើងថា ទោះបីសមាគមមិនមានធនធានច្រើនក៏ដោយ ប៉ុន្តែតែងតែប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ និងបន្តចែករំលែកក្តីស្រឡាញ់ ជួយឧបត្ថម្ភដល់កុមារ និងប្រជាពលរដ្ឋជួបការលំបាកតាមលទ្ធភាពជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោកប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន សមាជិក និងសមាជិកាទាំងអស់ ដែលបានចូលរួមឧបត្ថម្ភទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ធ្វើឱ្យសកម្មភាពមនុស្សធម៌នេះប្រព្រឹត្តទៅដោយជោគជ័យ និងបាននាំមកនូវស្នាមញញឹម ក្តីសង្ឃឹម និងទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងត្រូវការជំនួយ៕

img 20260626 131536 769 img 20260626 131536 810 img 20260626 131537 224 img 20260626 131536 777 img 20260626 131536 518 img 20260626 131537 212 img 20260626 131536 827 img 20260626 131536 386 img 20260626 131536 592 img 20260626 131536 584

Scroll to Top