ដេប៉ូខ្សាច់៣ទីតាំងនៅមាត់ទន្លេកោះក្របី បង្កហានិភ័យដល់សាធារណជន ខណៈអាជ្ញាធរហាក់មិនទាន់មានវិធានការច្បាស់លាស់ ព្រោះនៅឆ្ងាយពីភ្នែកលោកចៅហ្វាយរាជធានីភ្នំពេញ ឬយ៉ាងណា?

ដេប៉ូខ្សាច់៣ទីតាំងនៅមាត់ទន្លេកោះក្របី បង្កហានិភ័យដល់សាធារណជន ខណៈអាជ្ញាធរហាក់មិនទាន់មានវិធានការច្បាស់លាស់ ព្រោះនៅឆ្ងាយពីភ្នែកលោកចៅហ្វាយរាជធានីភ្នំពេញ ឬយ៉ាងណា?

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ដេប៉ូខ្សាច់ចំនួន៣ទីតាំង ដែលកំពុងប្រកបអាជីវកម្មតាមបណ្តោយមាត់ទន្លេ ដោយត្រូវបានចោទប្រកាន់ថា បានបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន សុខភាពសាធារណៈ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។ នេះបើតាមប្រភពពីប្រជាពលរដ្ខដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តដឹកខ្សាច់ ដែលចេញចូលដេប៉ូជារៀងរាល់ថ្ងៃ តែងតែមានការជ្រុះខ្សាច់នៅលើដងផ្លូវសាធារណៈ ដោយមិនមានការសម្អាតឱ្យបានទាន់ពេលវេលា។ នៅរដូវប្រាំង ខ្សាច់ហុយបង្កធូលីយ៉ាងខ្លាំង ប៉ះពាល់ដល់ការដកដង្ហើម និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់។ ចំណែកនៅរដូវវស្សា ខ្សាច់ដែលរាយប៉ាយលើផ្លូវប្រែទៅជាស្ថានភាពរអិល បង្កហានិភ័យខ្ពស់ដល់អ្នកបើកបរម៉ូតូ និងយានយន្តផ្សេងៗ។

អ្វីដែលប្រជាពលរដ្ឋមើលឃើញថា គួរឱ្យព្រួយបារម្ភជាងនេះទៀត គឺរថយន្តមួយចំនួនមុនចេញពីដេប៉ូមិនបានលាងសម្អាតកង់ឱ្យបានត្រឹមត្រូវនោះទេ ដែលបណ្តាលឱ្យដី ខ្សាច់ និងភក់ជាប់កង់រថយន្តធ្លាក់រាយប៉ាយពេញផ្លូវ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបាត់បង់សោភ័ណភាពទីក្រុងយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋបានសម្តែងការខកចិត្តថា រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ឃើញមានវិធានការតឹងរ៉ឹង ឬការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ ជាពិសេស លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋស្នើឱ្យយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែង និងដាក់ចេញវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់បញ្ហាដែលកំពុងបន្តកើតមាននេះ។ ខណៈមន្ត្រីមូលដ្ឋានមួយចំនួនត្រូវបានគេមើលឃើញថា បានត្រឹមសម្របសម្រួលប៉ុណ្ណោះ ដោយមិនទាន់មានលទ្ធផលជាក់ស្តែងក្នុងការដោះស្រាយបញ្ហានោះឡើយ។

មហាជនបានលើកឡើងថា អាជីវកម្មដេប៉ូខ្សាច់អាចដំណើរការបាន ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌបរិស្ថានឱ្យបានម៉ឺងម៉ាត់។ ម្ចាស់អាជីវកម្មគួរតែមានប្រព័ន្ធលាងកង់រថយន្ត ស្រោចទឹកកាត់បន្ថយធូលី សម្អាតផ្លូវជាប្រចាំ និងធានាថា ការដឹកជញ្ជូនមិនបង្កផលប៉ះពាល់ដល់សាធារណជន។

ជាងនេះទៅទៀត បញ្ហានេះមិនត្រឹមតែជារឿងសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុវត្ថិភាពសាធារណៈ និងសុខភាពសហគមន៍ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់អាយុជីវិត និងជំងឺផ្លូវដង្ហើម ប្រសិនបើមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យអនុវត្តវិធានការដូចខាងក្រោម៖

១- តម្រូវឱ្យម្ចាស់ដេប៉ូខ្សាច់ទាំងអស់ លាងសម្អាតផ្លូវ និងទីតាំងជាប្រចាំ ដើម្បីធានាអនាម័យ និងសុវត្ថិភាពសាធារណៈ។

២- តម្រូវឱ្យរថយន្តដឹកខ្សាច់ និងថ្ម លាងកង់ឱ្យបានស្អាត មុនចេញពីដេប៉ូ និងគ្របសម្ភារៈដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការជ្រុះរាយប៉ាយតាមដងផ្លូវ។

៣- បង្កើនការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះម្ចាស់អាជីវកម្មណាដែលបន្តរំលោភបំពាន និងបង្កផលប៉ះពាល់ដល់សាធារណជន។

៤- ក្នុងករណីនៅតែមានការជ្រុះខ្សាច់ ឬបំពុលបរិស្ថានដដែលៗ ដោយមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គួរពិចារណាផ្អាក ឬបិទអាជីវកម្មតាមនីតិវិធីច្បាប់ ដើម្បីការពារផលប្រយោជន៍សាធារណៈ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារអំពៅ នឹងមិនមើលរំលងបញ្ហានេះឡើយ ហើយនឹងចុះអន្តរាគមន៍ជាក់ស្តែង ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង៕

img 20260605 162550 656 img 20260605 162550 904 img 20260605 162540 824 img 20260605 162545 182 img 20260605 162540 184 videocapture 20260605 155842 videocapture 20260605 155830 videocapture 20260605 155735 videocapture 20260605 160548 videocapture 20260605 160541 videocapture 20260605 160035 img 20260605 162541 057 img 20260605 162550 547 img 20260605 162550 884 img 20260605 162606 452 img 20260605 162605 711 img 20260605 162600 547 img 20260605 162605 999 img 20260605 162606 303 img 20260605 162606 098 img 20260605 162606 076

Scroll to Top