ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋភូមិត្រិប សង្កាត់កំបូល ជុំវិញបញ្ហាក្លិនពុលសន្លឹកថ្នាំជក់សាយភាយចេញពីរោងចក្រចិន «សានហ៊ី-ឃីងឌាន ឯ.ក» ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ អាជ្ញាធរខណ្ឌកំបូលប្រាប់ថាមិនដឹងបញ្ហានេះទេ នៅគ្រាដែលប្រជាពលរដ្ឋប្រាប់ថារោងចក្រនេះដំណើរការយូរណាស់មកហើយ ហើយប្រជាពលរដ្ឋមួយ ចំនួនដែលពិបាកទ្រាំនឹងក្លិនសន្លឹកថ្នាំនេះ ក៏បានទៅរកបន្ទប់ជួលឆ្ងាយ។
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់អ្មកកាសែតថា រោងចក្រខាងលើនេះ គឺជារោងចក្រចំហុយសន្លឹកថ្នាំជក់ ហើយរោងចក្រនេះគឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ទោះជាយ៉ាងណា ចំពោះបញ្ហាដែលជះក្លិនអាក្រក់រំខាន និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជារៀងរាល់ ថ្ងៃនោះ លោកអភិបាលខណ្ឌបានបញ្ជាក់ថា «ខ្ញុំមិនបាន ដឹងនោះទេ» ប៉ុន្តែលោកនឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យមើលជាបន្ទាន់ ។
ជាលទ្ធផល បន្ទាប់ពីមានការចុះពិនិត្យផ្ទាល់ពីមន្ត្រីជំនាញ នាល្ងាចថ្ងៃដដែល លោកអភិបាលខណ្ឌបានបន្តបញ្ជាក់ប្រាប់ថា រោងចក្រចំហុយសន្លឹកថ្នាំជក់នេះ ត្រូវបានគេរៀបចំរើអីវ៉ាន់ចេញជិតអស់ទៅហើយ ដោយបច្ចុប្បន្ននៅសល់តែឧបករណ៍ផ្សេងៗមួយចំនួនទៀតប៉ុណ្ណោះ ដែលនឹងត្រូវដឹកជញ្ជូនចេញពីទីតាំងដែលបង្កផលប៉ះពាល់ក្លិនស្អុយដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋលើកជាចម្ងល់ថា រោងចក្រខ្នាតធំបែបនេះ បបើកដំណើរការរាប់ឆ្នាំ បង្កផ្សែងពុលជះក្លិនស្អុយធ្វើ ទុក្ខបុកម្នេញពលរដ្ឋ រហូតអ្នកភូមិខ្លះរត់ចោលផ្ទះទៅជួលផ្ទះគេរស់នៅទៅហើយ បែរជាអាជ្ញាធរមូលដ្ឋានមិនដែលដឹង ឬមិនដែលឮសោះ ? ទាល់តែអ្នកសារព័ត៌មានសួរដេញដោល ទើបដឹងភ្ញាក់ផ្អើល។
ចំណុចដែលគួរឱ្យសង្ស័យបំផុតនោះគឺ លុះពេលដែលអ្នកសារព័ត៌មានសួរនាំ ដេញដោលរករបាយការណ៍ EIA (វាយតម្លៃផលប៉ះពាល់បរិស្ថាន) ស្រាប់តែរោងចក្រនោះប្រញាប់ប្រញាល់រើអីវ៉ាន់ចេញទាំងតក់ក្រហល់ទៅវិញ។ មហាជនដាក់ការសង្ស័យថា ប្រហែលជារោងចក្រនេះ «គ្មានច្បាប់អនុញ្ញាតពិតប្រាកដ» ឬមួយក៏ «ហួសសុពលភាពច្បាប់» ទៅហើយ ទើបបានជាគ្រាន់ តែឮសូរអាជ្ញាធរចុះទៅ ស្រាប់តែប្រញាប់ប្រមូលបង្វិចរត់ ដើម្បីគេចវេសពីការទទួលខុសត្រូវ និងការផាកពិន័យបែបនេះ ?
នេះជាក្តីបារម្ភថ្មីមួយទៀត ពីព្រោះថា ប្រសិនបើរោងចក្រដែលខ្វះបច្ចេកទេសចម្រោះខ្យល់ និងខ្វះការទទួលខុសត្រូវមួយនេះ គ្រាន់តែរើប្តូរទីតាំងពីភូមិមួយទៅភូមិមួយ ឬពីខណ្ឌមួយ ទៅខណ្ឌមួយទៀតនោះ ប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅជិតទីតាំងថ្មីនោះ ច្បាស់ជាត្រូវទទួលរងគ្រោះ ហិតក្លិនពុលស្អុយចំហុយថ្នាំជក់ ធ្លាក់ខ្លួនឈឺ និងរត់ចោលផ្ទះសម្បែង មិនខុសពីពលរដ្ឋនៅភូមិត្រិបឡើយ។
តើការរើចេញនេះ ជាការរើដើម្បីបិទអាជីវកម្មទាំងស្រុង ឬគ្រាន់តែជាល្បិចលាក់ខ្លួនផ្ទេរទីតាំងបំពុលទៅកន្លែងផ្សេង ? តើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន នឹងមានចំណាត់ការផ្លូវច្បាប់ពិនិត្យលើប្រព័ន្ធច្បាប់ចាស់របស់ក្រុមហ៊ុននេះបែបណា ? ក្រុមការយើងខ្ញុំនឹងបន្តស្វែងរកការពិត និងស៊ើបអង្កេតលើករណីនេះជម្រាបជូនទស្សនិកជនជាបន្តបន្ទាប់ទៀត ៕


