ចុចស៊ីផ្លេទាំងកម្រោលគំរាមអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ! ឡានដឹកខ្សាច់ថៅកែ «ឈឹម បារាំង» បង្កភ័យខ្លាចដល់អ្នកដំណើរ ខណៈព្រែកខ្សេវកាន់តែរាក់ និងផ្លូវពោរពេញដោយខ្សាច់-ភក់

ចុចស៊ីផ្លេទាំងកម្រោលគំរាមអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ! ឡានដឹកខ្សាច់ថៅកែ «ឈឹម បារាំង» បង្កភ័យខ្លាចដល់អ្នកដំណើរ ខណៈព្រែកខ្សេវកាន់តែរាក់ និងផ្លូវពោរពេញដោយខ្សាច់-ភក់

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្ដោយព្រែកខ្សេវ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនខ្សាច់របស់ដេប៉ូមួយកន្លែង ដែលគេស្គាល់ថាជារបស់ថៅកែឈ្មោះ «ឈឹម បារាំង» ខណៈរថយន្តដឹកខ្សាច់ជាច្រើនគ្រឿង បើកបរចេញចូលជារៀងរាល់ថ្ងៃ ដោយមានការចុចស៊ីផ្លេរំខាន និងបង្កភាពភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ រថយន្តដឹកខ្សាច់មួយគ្រឿងបានចុចស៊ីផ្លេទាំងបំពាន និងកម្រោល ខណៈពលរដ្ឋបើកបរតាមផ្លូវដងព្រែកជាធម្មតា។ 

ប្រភពបានបន្តថា ក្រុមរថយន្ដមួយចំនួនបានដឹកជញ្ជូនខ្សាច់សើម ដោយទឹកលាយដីហូរធ្លាក់តាមផ្លូវ បណ្ដាលឲ្យផ្លូវក្លាយជាភក់ រអិល និងពោរពេញដោយខ្សាច់ ដែលបង្កហានិភ័យខ្ពស់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកជិះម៉ូតូ និងកង់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រជាពលរដ្ឋអះអាងថា ខ្សាច់ និងទឹកលាយដីពីដេប៉ូខាងលើ ត្រូវបានបង្ហូរចូលព្រែកខ្សេវជាបន្តបន្ទាប់ រហូតធ្វើឲ្យផ្ទៃព្រែកកាន់តែរាក់ និងគោកឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងបរិស្ថានធម្មជាតិនៅក្នុងតំបន់នាពេលអនាគត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានចោទជាសំណួរថា តើម្ចាស់ដេប៉ូខ្សាច់ខាងលើ បានអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកណ្ដាលដែរឬទេ? ខណៈលោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងយ៉ាងច្បាស់លាស់ ដោយតម្រូវឲ្យម្ចាស់ដេប៉ូខ្សាច់ និងរថយន្តដឹកជញ្ជូនទាំងអស់ ត្រូវលាងសម្អាតផ្លូវឲ្យបានស្អាតជាប្រចាំ និងហាមឃាត់ការជ្រុះខ្សាច់ ថ្ម ឬសម្ភារៈផ្សេងៗលើផ្លូវសាធារណៈ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក៏បានបញ្ជាក់ដែរថា ប្រសិនបើនៅតែបន្តបង្កការបំពុលផ្លូវ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ នឹងត្រូវប្រឈមការបិទអាជីវកម្មជាស្ថាពរ។

មហាជនបានលើកឡើងថា ការធ្វើអាជីវកម្មខ្សាច់ គឺជាសកម្មភាពសេដ្ឋកិច្ចស្របច្បាប់ដែលជួយគាំទ្រវិស័យសំណង់ ប៉ុន្តែការធ្វើអាជីវកម្មមិនអាចយកផលចំណេញជាធំ ហើយទុកឲ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់នោះទេ។ ម្ចាស់ដេប៉ូគ្រប់រូប ត្រូវមានទំនួលខុសត្រូវចំពោះបរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

ប្រសិនបើមានការហូរខ្សាច់ចូលព្រែកពិតមែន នោះគឺជាបញ្ហាដែលមិនគួរមើលរំលងឡើយ ព្រោះព្រែកសាធារណៈជាទ្រព្យសម្បត្តិរួមរបស់ប្រជាពលរដ្ឋ និងជាផ្នែកសំខាន់នៃប្រព័ន្ធធារាសាស្ត្រ។ ការបណ្ដោយឲ្យព្រែកកាន់តែរាក់ដោយសារសកម្មភាពអាជីវកម្ម អាចបង្កជាបញ្ហាលិចលង់ និងខូចខាតបរិស្ថានក្នុងរយៈពេលវែង។

ជុំវិញករណីនេះ មហាជនស្នើឲ្យមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីវាយតម្លៃផលប៉ះពាល់ និងអនុវត្តវិធានការតាមច្បាប់ឲ្យបានត្រឹមត្រូវ និងតម្លាភាព។ បើរកឃើញថាមានការបំពានលើសេចក្ដីណែនាំ ឬបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ គួរតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ច្បាប់មានប្រសិទ្ធភាពស្មើៗគ្នាចំពោះគ្រប់អាជីវកម្ម និងការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ព្រែកសាធារណៈមួយ បើបាត់បង់ដោយសារការធ្វេសប្រហែស អាចស្ដារវិញបានដោយលំបាក។ ដូច្នេះការទប់ស្កាត់បញ្ហានៅថ្ងៃនេះ គឺប្រសើរជាងការដោះស្រាយផលវិបាកដ៏ធ្ងន់ធ្ងរនៅថ្ងៃស្អែក៕

img 20260601 211225 318 videocapture 20260601 211025 videocapture 20260601 211021 videocapture 20260601 211018 videocapture 20260601 211016 videocapture 20260601 210955 videocapture 20260601 210947 videocapture 20260601 210942 videocapture 20260601 210939 videocapture 20260601 210937 videocapture 20260601 210935 videocapture 20260601 210924 img 20260601 210907 360 img 20260601 210907 368 img 20260601 210906 754

Scroll to Top