កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន២ទីតាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀនជាង១០០ក្រាម

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន២ទីតាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀនជាង១០០ក្រាម

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ជាបន្តបន្ទាប់ចំនួន២ទីតាំង ក្នុងស្រុកសំរោង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ និងដកហូតថ្នាំញៀនជាង១០០ក្រាម រួមនឹងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ចុះបង្ក្រាបនៅ២ទីតាំងផ្សេងគ្នា រួមមាន ភូមិតាមូង ឃុំលំចង់ និងភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសចំនួន៥នាក់ រួមមាន ឈ្មោះ សៀង សុវណ្ណារ៉ា អាយុ៣៦ឆ្នាំ, ឈ្មោះ សយ សម្ភស្ស អាយុ២៣ឆ្នាំ, ឈ្មោះ យ៉ុង ឌុល អាយុ៤៦ឆ្នាំ, ឈ្មោះ សូត្រ សារឿន អាយុ៣៨ឆ្នាំ និងឈ្មោះ សៅ ប៉ុង អាយុ២៤ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់ ទម្ងន់១១០.៤០ក្រាម (ទាំងសំបក), ទូរស័ព្ទដៃ៥គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ប្រដាប់ចូកថ្នាំញៀន៦ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

img 20260525 131642 432 img 20260525 131646 855 img 20260525 131647 026 img 20260525 131646 865 img 20260525 131647 202

Scroll to Top