ការដ្ឋានធ្វើប្រព័ន្ធលូ និងទឹកស្អាតលើផ្លូវ២១បេ ទុកផ្លូវមិនស្មើ អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ការដ្ឋានធ្វើប្រព័ន្ធលូ និងទឹកស្អាតលើផ្លូវ២១បេ ទុកផ្លូវមិនស្មើ អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់លើផ្លូវ២១បេ ត្រង់ចំណុចក្រុមហ៊ុនម៉ូតូហុងដា ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការដ្ឋានធ្វើប្រព័ន្ធលូ និងទឹកស្អាត បានដករនាំងការពារចេញ ទាំងការងារមិនទាន់មានស្តង់ដារ ដោយមិនបានបង្ហាប់ មិនបានកិនឲ្យរាបស្មើត្រឹមត្រូវ ទុកឲ្យដីលាយថ្ម និងគ្រួសអណ្ដែតពេញផ្លូវ ដែលអាចបង្កឲ្យហុយផុល និងរអិលគ្រោះថ្នាក់យ៉ាងខ្លាំង។

ស្ថានភាពបែបនេះ កំពុងក្លាយជាអន្ទាក់សម្រាប់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកជិះម៉ូតូ និងកង់ ដែលងាយរអិលដួល ខណៈរថយន្តធុនធំ និងរថយន្តដឹកទំនិញបើកឆ្លងកាត់បង្កធូលីហុយពេញផ្លូវ ធ្វើឲ្យបាត់បង់គំហើញ និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា។

ប្រជាពលរដ្ឋលើកឡើងថា ការដ្ឋានធ្វើផ្លូវ ឬដាក់ប្រព័ន្ធលូ មិនមែនធ្វើរួចហើយ ដករនាំងចេញដោយគ្មានទំនួលខុសត្រូវនោះទេ។ យ៉ាងហោចណាស់ ត្រូវមានការបង្ហាប់ កិនស្មើ និងសម្អាតផ្លូវឲ្យមានសុវត្ថិភាពសិន មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាធម្មតាវិញ។

មហាជនបានលើកឡើងថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគួរយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋផង ព្រោះ “ជីវិតមនុស្សគ្មានដាក់លក់លើទីផ្សារ” នោះទេ។ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កំពុងកើតឡើងស្ទើររៀងរាល់ថ្ងៃ មានទាំងស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់។ ជាក់ស្ដែង ត្រឹមមួយថ្ងៃមានអ្នកស្លាប់រហូតដល់១៤នាក់ ហើយអ្នករបួសក៏មានជាច្រើនទៀត ដែលជាតួលេខគួរឲ្យរន្ធត់ និងមិនគួរឲ្យមើលរំលងឡើយ។

សាធារណជនសូមអំពាវនាវដល់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក បូរី វង្សសានិត្យ មេមន្ទីរដឹកជញ្ជូនខេត្តកណ្ដាល មេត្តាបើកភ្នែកពិនិត្យ និងចាត់វិធានការឲ្យបានតឹងរឹងចំពោះការដ្ឋានដែលអនុវត្តការងារខ្វះបច្ចេកទេស និងខ្វះការទទួលខុសត្រូវបែបនេះផង។

ពលរដ្ឋមិនចង់ឃើញអាជ្ញាធរ និងមន្ត្រីជំនាញ អោបដៃឈរមើលបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋរាល់ថ្ងៃនោះទេ។ ការងារសាធារណៈ គឺត្រូវធានាទាំងគុណភាព និងសុវត្ថិភាព មិនមែនធ្វើឲ្យរួចតែពីដៃ ហើយទុកឲ្យពលរដ្ឋប្រឈមគ្រោះថ្នាក់នោះឡើយ៕

img 20260523 173934 529 img 20260523 173928 084 img 20260523 173928 504 img 20260523 173928 487 img 20260523 173928 474 img 20260523 173927 654 img 20260523 173927 989 img 20260523 173927 621 img 20260523 173927 772 img 20260523 173927 913

Scroll to Top