ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅឃុំបូរីជល់សារ ស្រុកបូរីជល់សារ ខេត្តតាកែវ បានលើកឡើងពីការព្រួយបារម្ភ ក្រោយមានបុគ្គលមួយចំនួន សង្ស័យថាជាអ្នកមានលុយ និងមានអំណាច ធ្វើសកម្មភាពចាក់ដីរំលោភចូលដីចំណីបឹងធម្មជាតិ ដែលស្ថិតនៅទល់មុខមណ្ឌលសុខភាពឃុំបូរីជល់សារ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីពាក់ព័ន្ធ ព្រោះសកម្មភាពចាក់ដីបានប្រព្រឹត្តទៅដោយគ្មានការទប់ស្កាត់ ខណៈពលរដ្ឋធម្មតា បើរំលោភដីរដ្ឋត្រឹមតែបន្តិចបន្តួច ក៏អាចប្រឈមវិធានការច្បាប់ភ្លាមៗដែរ។
ជុំវិញករណីនេះ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានឱ្យសាកសួរទៅមន្ទីររៀបចំដែនដីខេត្ត។ ចំណែកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ក៏បានបង្វែរឱ្យទៅសួរការិយាល័យសុរិយោដីស្រុកវិញ ខណៈមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត បានឆ្លើយបែបរុញច្រានការទទួលខុសត្រូវដាក់គ្នា។
ប្រជាពលរដ្ឋបានរិះគន់ថា ការឆ្លើយដោះសាររបស់មន្ត្រីពាក់ព័ន្ធ បង្ហាញពីការខ្វះទំនួលខុសត្រូវ ក្នុងការការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិរដ្ឋ។ ពួកគាត់បារម្ភថា ប្រសិនបើមិនមានការទប់ស្កាត់ទាន់ពេលវេលា ផ្ទៃបឹងធម្មជាតិនឹងរួមតូចជាបន្តបន្ទាប់ និងអាចក្លាយជាគំរូអាក្រក់ដល់អ្នកដទៃ។
ពលរដ្ឋក៏បានស្នើសុំដល់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក មេត្តាចុះស៊ើបអង្កេត និងចាត់វិធានការឱ្យបានច្បាស់លាស់ ដើម្បីការពារដីបឹងដែលជាសម្បត្តិរដ្ឋ កុំឱ្យមានការរំលោភបំពានបន្តទៀត៕


