តែងតាំងប្រធានថ្មីច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ខេត្តតាកែវ ពង្រឹងកិច្ចសហការព្រំដែន និងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

តែងតាំងប្រធានថ្មីច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ខេត្តតាកែវ ពង្រឹងកិច្ចសហការព្រំដែន និងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

ខេត្តតាកែវ៖ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុត ខុន អភិបាលខេត្តតាកែវស្ដីទី តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ឡាយ សូរិន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ជំនួសលោក ឱក សំអុល ដែលត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារនៅសាលាខេត្តវិញ។

ពិធីប្រកាសតែងតាំងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីលោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ មន្ត្រីរដ្ឋបាលខេត្ត ស្នងការរងនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបូរីជលសារ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ស៊ុត ខុន បានផ្តាំផ្ញើ និងណែនាំដល់ប្រធានច្រកទ្វារថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងទំនាក់ទំនងល្អជាមួយភាគីប្រទេសជិតខាង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនឱ្យកាន់តែប្រសើរ។

លោកអភិបាលខេត្តស្ដីទី ក៏បានសង្កត់ធ្ងន់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងការឆ្លងដែនដោយមិនស្របច្បាប់ ដោយត្រូវអនុវត្តការងារឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោកបានលើកទឹកចិត្តឱ្យលោក ឡាយ សូរិន ប្រឹងប្រែងបំពេញការងារដោយប្រើប្រាស់ទាំងកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដើម្បីជំរុញកិច្ចសហការជាមួយភាគីវៀតណាមឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត សំដៅថែរក្សាសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់៕

img 20260523 111314 650 img 20260523 111313 744 img 20260523 111314 668 img 20260523 111314 447 img 20260523 111314 666

Scroll to Top