ខេត្តត្បូងឃ្មុំ៖ គម្រោងផ្លូវបេតុងពីរខ្សែតម្លៃជាង៣៥០ លានរៀល ក្នុងនោះមាននៅឃុំអំពិលតាពកនិងឃុំព្រះធាតុត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈនៅសាលាស្រុកអូរាំងឪ នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះមានក្រុមហ៊ុនខ្លះបានជាប់ក្នុងបញ្ជីខ្មៅក៏បានចូលរួមដេញថ្លៃ ក្នុងគម្រោងទាំងពីរគឺមានគម្រោង១ ត្រូវបានគេសង្ស័យតម្លៃត្រូវទឹកតែ។
ចំពោះលទ្ធផលការដេញថ្លៃ ៖
១.ផ្លូវបេតុងប្រវែង២៣០ម៉ែត្រ នៅឃុំព្រះធាតុ តម្លៃដាក់ឲ្យដេញថ្លៃជាង១៦១លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន៣ បានចូលរួមដេញថ្លៃដោយដេញថ្លៃបានលើក្រុមហ៊ុនលី ធីតា ក្នុងតម្លៃ១៤០លានរៀល តម្លៃនេះសង្ស័យត្រូវទឹកតែ…។
២.ផ្លូវបេតុងប្រវែង២៩៥ម៉ែត្រនៅឃុំអំពិលតាពក តម្លៃដាក់ឲ្យដេញថ្លៃជាង១៩៦លានរៀល,មាន៥ក្រុមហ៊ុនបានចូលរួមប្រកួតប្រជែងដោយដេញបានលើក្រុមហ៊ុនថូ មួយគា ក្នុងតម្លៃជាង ៧៨លានរៀល នេះជាតម្លៃដេញដោយតម្លាភាពត្រឹមត្រូវដែលធ្វើឲ្យរដ្ឋចំណេញថវិកាជាង១០០លានឯណោះ។
លោកជា ណារ៉ុន អភិបាលស្រុកអូររាំងឪបានលើកឡើងថា “ការដេញថ្លៃគម្រោងផ្លូវបេតុងក្នុងឱកាសនេះ គឺមានចំនួនពីរឃុំ ដែលជាប្រភេទផ្លូវបេតុងដូចគ្នា ហើយមានក្រុមហ៊ុនជាច្រើនបានមកចូលរួមដេញថ្លៃប្រកួតប្រជែង ដោយក្នុងនោះបើក្រុមហ៊ុនណាមួយ ដែលដេញទាបជាងគេគឺជាអ្នកឈ្នះ”។ មកដល់ឆ្នាំ ២០២៦ ចំពោះមូលនិធិឃុំត្រូវបានបែងចែកជាពីរ ក្នុងនោះមានប្រភេទប្រព័ន្ធធារាសាស្ត្រ ត្រូវបានដាក់ឲ្យដេញថ្លៃកន្លងមក កាលពីថ្ងៃទី២០មេសាកន្លងទៅ ហើយបានដេញចំនួន៥ឃុំរួចមកហើយដែរ។
ក្រុមហ៊ុនទួន សុផល ដែលបានចូលរួមដាក់សំណើរដេញថ្លៃនៅឃុំអំពិលតាពក លេខរៀងទី១គឺគណៈកម្មការដេញថ្លៃមិនបើកសំណើរដោយសារតែក្រុមហ៊ុនមួយនេះជាប់ក្នុងបញ្ជីខ្មៅក្នុងខេត្តកំពង់ធំ។ សម្រាប់ក្រុមហ៊ុនដែលដេញថ្លៃបាននៅឃុំព្រះធាតុ ដែលគេសង្ស័យត្រូវទឹកតែ ហើយក្រុមហ៊ុនលី ធីតា មិនបានផ្ដល់ការបំភ្លឺណាមួយនោះទេ ដោយបានឡើងជិះរថយន្តបើកចេញទៅយ៉ាងរំភើយ…៕


