ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការឃាត់គ្រឿងចក្ររបស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីម្នាក់ក្រោយពីលួចធ្វើសកម្មភាពកាយបង្គោលនិងលួចធ្វើរបង ខណៈដែលដីមានទំនាស់ជាយូរឆ្នាំណាស់មកហើយមិនទាន់មានដំណោះស្រាយផងក៏ស្រាប់តែលោកធំរូបនោះបានលួចដាក់គ្រឿងចក្រទាំងបំពាន។ បើទោះបីជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនានាហៅមន្ត្រីជាន់ខ្ពស់(លោក ប៉ាក់ ចាន់ផល)នោះដើម្បីមកធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន១៨៨គ្រួសារ ប៉ុន្តែលោកតែងតែគេចវេសមិនចូលខ្លួនដោះស្រាយឡើយ។ហើយឆ្លៀតឱកាសលួចដាក់គ្រឿងចក្ររំលោភបំពានលើដីរបស់ប្រជាពលរដ្ឋដែលមានទំនាស់មិនខ្លាចញញើតច្បាប់ទាល់តែសោះ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារបានទៅឃាត់សកម្ម ភាពគ្រឿងចក្ររបស់លោក ប៉ាក់ ចាន់ផល មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលបញ្ជាកូនចៅ ឱ្យធ្វើរបងនៅលើដីទំនាស់ប្រមាណជាង២០ហិកតាដែលមានទីតាំងស្ថិតចំណុចខាងត្បូងភ្នំរលួស ក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជួបជាមួយអ្នកយកព័ត៌មាន លោក ជា សាវឿន អាយុ ៥៤ឆ្នាំ ជាតំណាងប្រជាពលរដ្ឋប្រមាណ១៨៨គ្រួសារ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថាទីតាំងដីទំនាស់ខាងលើនេះមានទំហំ២៣ហិកតាកន្លះ ប្រជាពលរដ្ឋចំនួន១៨៨ គ្រួសារបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។ លុះរហូតដល់ឆ្នាំ២០១០-២០១១ លោកមេភូមិ,លោកមេឃុំបាននិយាយប្រាប់ប្រជាពលរដ្ឋថាទីតាំងដែលដីពលរដ្ឋអាស្រ័យផលនោះគឺរដ្ឋត្រូវការដូច្នេះហើយត្រូវតែប្រគល់ទៅឲ្យរដ្ឋគ្រប់គ្រងវិញ។ ស្រាប់តែលេចឈ្មោះប៉ាក់ ចាន់ផល ដែលគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់នៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ហើយក៏មានទំនាស់ចាប់ពីពេលនោះមក។ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ទៅ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងស្នើសុំដល់ ខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន ដើម្បីរកយុត្តិធម៌។ បើទោះបីជាថ្នាក់ដឹកនាំជាន់ខ្ពស់មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលមានឯកឧត្តម សាយ សំអាល់ និងជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺឲ្យមានការដោះស្រាយជាមួយប្រជាពលរដ្ឋនោះ។ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្នមិនមានដំណោះស្រាយទាល់តែសោះ។
លោក ជា សាវឿន តំណាងប្រជាពលរដ្ឋ១៨៨គ្រួសារ បានបន្តថា នៅថ្ងៃទី១៩ ខែឧសភា និងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦ នេះក៏ស្រាប់តែមានគ្រឿងចក្រ(អាអិច ត្រាក់ទ័រ ព្រមទាំង និងរថយន្តប្រភេទកូរ៉េ) បានធ្វើសកម្មភាពជីកកាយរបងនិងភ្ជួររាស់នៅលើដីរបស់ប្រជាពលរដ្ឋដែលមានទំនាស់នោះ។ មិនតែប៉ុណ្ណោះរបងថ្មីដែលគេលួចធ្វើនៅលើដីរបស់ប្រជាពលរដ្ឋថែម ទៀតផង។ ទាល់តែប្រជាពលរដ្ឋរបស់លោក ចុះទៅឃាត់សួរនាំ ក្រុមតៃកុងគ្រឿងចក្រខាងលើទាំងអស់នោះ បើករត់បាត់អស់ទៅ តើនេះជាទង្វើអ្វី? របស់លោក ប៉ាក់ ចាន់ផល ដែលជាមនុស្សចេះដឹង និងជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់បែបនេះ។
តំណាងប្រជាពលរដ្ឋ១៨៨គ្រួសារ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺធ្វើការសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និងជាពិសេសសម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌និងធ្វើការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះជូនប្រជាពលរដ្ឋចំនួន១៨៨គ្រួសារផងទាន ដែលពួកគាត់រងនូវភាពអយុត្តិធម៌ជាយូរឆ្នាំណាស់មកហើយ។សូមសម្ដេចមហាបវរធិបតី វះកាត់សាច់ស្អុយមួយដុំនេះចោលផង។ដោយសារតែការរំលោភបំពានមកលើប្រជាពលរដ្ឋជាយូរឆ្នាំណាស់មកហើយ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ប៉ាក់ ចាន់ផល ដើម្បីសួរនាំពីបញ្ហានេះដែរ តេចូលចំនួន០៣ដង មិនមានអ្នកលើកទទួលទេ។
លោក រ៉េត ម្ចាស់គ្រឿងចក្រ បាននិយាយថា លោកមិនបានជីកកាយដីរបស់ប្រជាពលរដ្ឋនោះទេ។ គ្រឿងចក្រចូលទៅក្នុងដីដែលមានប្លង់រឹងរបស់ លោក ប៉ាក់ ចាន់ផលទេ។ ប្អូនសួរប្រជាពលរដ្ឋសិនទៅថាតើ ដីរបស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវដែលឬអត់? គ្រឿងចក្ររបស់លោក ត្រូវដកចេញសិនហើយ ទុកពេលឱ្យលោក ប៉ាក់ ចាន់ផល ធ្វើការដោះស្រាយគ្នាជាមួយប្រជាពលរដ្ឋ ឱ្យរួចរាល់សិនចុះ៕


