ខេត្តតាកែវ៖ ក្រោយលោកកង អាណាន់ ឡើងកាន់ដំណែងជាចៅហ្វាយស្រុកអង្គរបូរីមិនបានប៉ុន្មានថ្ងៃផងលោកបានដឹកនាំកំលាំងចម្រុះ ចុះបង្ក្រាបសម្រាស់ដែលជាបទល្មើសនេសាទ ដែលក្រុមឈ្មួញបានដាក់ក្នុងតំបន់ហាមឃាត់ត្រីមេពូជដើមរំដេញ ស្ថិតក្នុងឃុំព្រែកផ្ទោល និងឃុំគោកធ្លក មានចំនួន១៨ទីតាំងត្រូវបានពលរដ្ឋគាំទ្រពេញទំហឹង។
បើយោងតាមការខ្សឹបខ្សៀវពីសំណាក់ប្រជាពលរដ្ឋ និងក្រុមមន្រ្តីចុះទៅបង្ក្រាប បានអោយដឹងថាសម្រាស់ជាច្រើនកន្លែង ក្នុងអន្លង់អភិរក្សខាងលើមានយូឆ្នាំណាស់មកហើយ មិនដែលមានចៅហ្វាយស្រុកណាអើពើបង្ក្រាបនោះទេ ព្រោះក្លាចអំណាចមន្រ្តីជលផលនៅទីនោះ ទើបមានតែលោកកង អាណាន់ ចៅហ្វាយស្រុកថ្មីនេះទេ ដែលហ៊ានធ្វើការបង្រ្កាប។
ប្រភពដដែលបានអោយដឹងទៀតថាសម្រាស់ទាំង១៨ទីតាំងខាងលើ នៅកៀកនឹងងទីស្នាក់ការជលផលភ្នំបាទេព តែក្រុមមន្រ្តីជលផលមិនដែលបានអនុវត្តតាមច្បាប់នោះទេ ដែលគេសង្ស័យថាជាឆ្នាំងបាយរបស់ក្រុមមន្រ្តីជលផលទាំងនោះហើយមើលទៅ?
ប្រភពច្បាស់ការបានបញ្ជាក់ថា នៅពេលដែលក្រុមចម្រុះកំពុងធ្វើការបង្ក្រាបសម្រាស់ក្នុងអន្លង់អភិរក្ស លោកកង អាណាន់ ចៅហ្វាយស្រុកអង្គរបូរីបានសួរទៅលោកខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរីថា តើលោកមានដឹងថាគេដាក់សម្រាស់នៅក្នុងអន្លង់អភរក្សត្រីមេពូជនេះទេ ?ស្រាប់តែលោកខឹម ប៊ុនថនឆ្លើយថាអត់ដឹង។
ពាក់ពន្ធ័ករណីខាងលើលោកខឹម ប៊ុនថននាយផ្នែកជលផលអង្គរបូរីដុះស្លែ បានអោយនាក់កាសែតដឹងថារឿងសម្រាស់ខាងលើ ពិតជាមានមែនតែជារបស់ប្រជាពលរដ្ឋជាអ្នកដាក់នោះទេ តែនៅពេលនាក់កាសែតសួរថា ហេតុអ្វីបានពលរដ្ឋនាំគ្នាមកដាក់សម្រាស់ក្នុងតំបន់អភិរក្សត្រីមេពូជបាន ? លោកក៏ឆ្លើយខុសសំណួរថាលោកកំពុងរវល់នៅតុលាការខេត្តតាកែវ។
ក្រោយលោកកង អាណាន់ ចុះបង្ក្រាបបទល្មើសនេសាទជាប់ច្រមុះរបស់មន្រ្តីជលផល ក៏លេចពាក្យចាមអារាមថាលោកខឹម ប៊ុនថន ចង់លាឈប់ពីតួនាទីទំនងជាខ្មាស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ឬអាចនិងបែកឆ្នាំងបាយរបស់មន្រ្តីជលផលនៅស្នាក់ការភ្នំបាទេព ព្រោះពួកគាត់សម្ងំសោយសុខយូរយារណាស់មកហើយ៕


