អាជ្ញាធរក្រុងតាខ្មៅ ស្ងៀមស្ងាត់ ខណៈរោងអចល័តលក់តុក្កតា និងសម្លៀកបំពាក់ កាន់កាប់ផ្លូវសាធារណៈ

អាជ្ញាធរក្រុងតាខ្មៅ ស្ងៀមស្ងាត់ ខណៈរោងអចល័តលក់តុក្កតា និងសម្លៀកបំពាក់ កាន់កាប់ផ្លូវសាធារណៈ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានបង្ហាញការមិនពេញចិត្ត និងដាក់ជាសំណួរចំៗទៅកាន់អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីឃើញទីតាំងលក់តុក្កតា និងសម្លៀកបំពាក់មួយកន្លែង សាងសង់រោងអចល័តកាន់កាប់ផ្លូវសាធារណៈអូសបន្លាយរាប់ថ្ងៃខែឆ្នាំមកហើយ ប៉ុន្តែមិនឃើញមានការចុះរៀបចំសណ្ដាប់ធ្នាប់ ឬអនុវត្តវិធានការណាមួយពីអាជ្ញាធរពាក់ព័ន្ធនោះឡើយ។

ផ្ទុយទៅវិញ អាជីវករតូចតាចមួយចំនួន ដែលលក់ដូរលើសព្រំដែនបន្តិចបន្តួច តែងតែត្រូវបានហាមឃាត់ និងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដែលធ្វើឲ្យមហាជនមើលឃើញថា ការអនុវត្តច្បាប់ហាក់មិនមានស្មើភាព និងអាចបង្កជាចម្ងល់អំពីតម្លាភាពក្នុងការអនុវត្តការងាររបស់អាជ្ញាធរ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថា ទីតាំងខាងលើ ស្ថិតនៅផ្លូវកែងក្រោយឆាកតន្ត្រី មាត់ទន្លេក្រុងតាខ្មៅ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបានដំណើរការលក់ដូរ និងសង់រោងអចល័តយ៉ាងអនាធិបតេយ្យជាយូរមកហើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ហេតុអ្វីបានជាអាជ្ញាធរចាំទាល់តែមានការរអ៊ូរទាំពីពលរដ្ឋខ្លាំង ទើបចាប់ផ្ដើមធ្វើសកម្មភាពបែប “ដុតដៃដុតជើង” ខណៈបញ្ហានេះកើតមានយូរមកហើយ។ មហាជនខ្លះក៏បានចោទជាសំណួរថា តើមន្ត្រីជំនាញពិតជាមិនបានឃើញ ឬមានមូលហេតុអ្វីផ្សេងនៅពីក្រោយ ទើបមិនមានការអនុវត្តវិធានការ?

ប្រជាពលរដ្ឋបន្តថា ការកាន់កាប់ផ្លូវសាធារណៈ និងសង់រោងអចល័តដោយគ្មានការរៀបចំត្រឹមត្រូវ មិនត្រឹមតែប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សោភ័ណភាពក្រុង និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការកកស្ទះ និងភាពមិនស្មើភាពក្នុងការប្រកបអាជីវកម្មរបស់អាជីវករដទៃទៀតផងដែរ។

ទីតាំងខាងលើ ត្រូវបានគេអះអាងថា ស្ថិតក្រោមការទទួលខុសត្រូវរបស់លោក ពៅ គឹមលី ចៅហ្វាយក្រុងរងទទួលបន្ទុកសណ្ដាប់ធ្នាប់ លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ និងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមានវិធានការច្បាស់លាស់ណាមួយនៅឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ នឹងមិនបណ្ដោយឲ្យបញ្ហាកាន់កាប់ផ្លូវសាធារណៈបន្តកើតមានដោយគ្មានដំណោះស្រាយនោះទេ ព្រោះការអនុវត្តច្បាប់ដោយស្មើភាព និងតម្លាភាព គឺជាចំណុចសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ សោភ័ណភាពក្រុង និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ប្រសិនបើអាជ្ញាធរមានចំណាត់ការច្បាស់លាស់ និងទាន់ពេលវេលា នោះការរិះគន់ពីមហាជនក៏អាចថយចុះ ហើយបរិយាកាសអាជីវកម្មក្នុងមូលដ្ឋានក៏នឹងមានភាពស្មើភាព និងមានរបៀបរៀបរយជាងមុនផងដែរ៕

videocapture 20260518 214422 videocapture 20260518 214631 videocapture 20260518 214413 videocapture 20260518 214404 videocapture 20260518 214417 videocapture 20260518 214350

Scroll to Top