ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តដឹកជ្រូកបុករះបណ្ដាលឱ្យប្រជាពលរដ្ឋ២នាក់រងរបួសធ្ងន់ធ្ងរ កំពុងត្រូវបានមហាជនក្នុងមូលដ្ឋានចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីជនរងគ្រោះអះអាងថា រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ទទួលបានសំណង ឬដំណោះស្រាយសមរម្យណាមួយពីភាគីបង្កនៅឡើយទេ ទោះបីហេតុការណ៍បានកើតឡើងតាំងពីឆ្នាំ២០២៣ក៏ដោយ។
តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ខាងត្បូងផ្សារត្រាំខ្នារ ផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្នុងហេតុការណ៍នោះ រថយន្តដឹកជ្រូកមួយគ្រឿង ដែលគេស្គាល់ថាមានលោក សេក ឈីម ជាម្ចាស់រថយន្ត ត្រូវបានអះអាងថា បើកបរដោយធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យបុករះទៅលើលោកពូ ប៉ែន នី និងម្នាក់ទៀតដែលកំពុងអង្គុយហូបអីនៅតូបក្បែរផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយចំណាយថវិកាព្យាបាលអស់ជាច្រើន ខណៈស្ថានភាពជីវភាពគ្រួសារក៏ធ្លាក់ចុះយ៉ាងខ្លាំង ព្រោះបាត់បង់លទ្ធភាពប្រកបការងារ និងត្រូវទទួលបន្ទុកថ្លៃព្យាបាលជាបន្តបន្ទាប់។ ទោះជាយ៉ាងណា សាច់ញាតិជនរងគ្រោះអះអាងថា រហូតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ ពួកគេនៅមិនទាន់ទទួលបានសំណងឬការទទួលខុសត្រូវច្បាស់លាស់ពីភាគីម្ចាស់រថយន្តនៅឡើយ ទាំងដែលជនរងគ្រោះបានពិកាដៃម្ខាងបាត់ទៅហើយ។
សាច់ញាតិជនរងគ្រោះ បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការ មេត្តាជួយដោះស្រាយសំណុំរឿងនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងសមរម្យ ស្របតាមផ្លូវច្បាប់ និងអាចសម្រាលបន្ទុកជីវភាពក្នុងគ្រួសារ។
មហាជនមួយចំនួន ក៏បានលើកឡើងផងដែរថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតចេញពីការបើកបរខ្វះការប្រុងប្រយ័ត្ន បើកលឿន ហួសល្បឿនកំណត់ ឬមិនគោរពច្បាប់ចរាចរណ៍។ ជាពិសេស រថយន្តធុនធំ និងរថយន្តដឹកទំនិញ តែងបង្កហានិភ័យខ្ពស់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ប្រសិនបើអ្នកបើកបរខ្វះស្មារតីទទួលខុសត្រូវ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ នឹងចូលរួមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងជាគំរូក្នុងការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍ “អ្នកបង្ក ត្រូវទទួលខុសត្រូវ”៕


