ខេត្តតាកែវ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះសាយ សាវិន ភេទស្រី រស់នៅភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាអតិថិជនរបស់ក្រុមហ៊ុនផ្តល់កម្ចី ដាកូ ហ្វាយនែន ភីអុិលស៊ី ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ បានសម្តែងការមិនពេញចិត្តចំពោះករណីបំពានច្បាប់ និងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្ថាប័នគ្រប់គ្រងវិស័យហិរញ្ញវត្ថុ មេត្តាជួយអន្តរាគមន៍ បន្ទាប់ពីគាត់អះអាងថា បានយកប្រាក់ទៅបង់ផ្តាច់ឥណទានរួចរាល់ តាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ប៉ុន្តែ ក្រុម ហ៊ុននៅតែមិនព្រមប្រគល់ប្លង់ដីជូនម្ចាស់ដើមវិញឡើយគិតមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
បើតាមការលើកឡើងពីអតិថិជនម្ចាស់ប្លង់ដី អ្នកស្រីសាយ សាវិន បានបំពេញកាតព្វកិច្ចសងប្រាក់តាមកិច្ច សន្យាជាមួយក្រុមហ៊ុនរួចរាល់ហើយ ដោយមានទាំងវិក្កយបត្រ និងឯកសារបញ្ជាក់ការបង់ប្រាក់គ្រប់គ្រាន់។ ទោះជាយ៉ាងណា នៅពេលស្នើសុំដកប្លង់ដីវិញ ខាងក្រុម ហ៊ុនតែងតែពន្យារពេល ដោយសន្យាថ្ងៃនេះថ្ងៃនោះ មិន កំណត់ពេលវេលាច្បាស់លាស់ និងមិនទាន់ប្រគល់ឯកសារប្លង់ដីជូនអតិថិជនវិញនៅឡើយរហូតដល់ថ្ងៃទី ០១ ខែឧសភាឆ្នាំ ២០២៦ នេះ។
អ្នកស្រីសាយ សាវិន ម្ចាស់ប្លង់ដីបានបង្ហាញក្តីបារម្ភថា ការពន្យារពេលក្នុងការប្រគល់ប្លង់ដី អាចបង្កផលប៉ះ ពាល់ដល់ជីវភាព និងផែនការហិរញ្ញវត្ថុរបស់ពួកគាត់ ព្រោះប្លង់ដីជាទ្រព្យសម្បត្តិសំខាន់ សម្រាប់ប្រើប្រាស់ក្នុងការផ្ទេរកម្មសិទ្ធិ ធានាប្រាក់កម្ចីផ្សេង ឬធ្វើប្រតិបត្តិការផ្លូវច្បាប់នានា ម្យ៉ាងវិញគាត់មានតែប្លង់ដីមួយនេះទេ។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យដំណើរការរបស់គ្រឹស្ថានផ្តល់កម្ចីខាងលើ ដើម្បីធានាថា ការអនុវត្តសេវាហិរញ្ញវត្ថុស្របតាមច្បាប់ និងគោរពសិទ្ធិអតិថិជន។ ពួកគាត់ក៏ស្នើឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស និងមានតម្លាភាព ដើម្បីបញ្ចប់ការព្រួយបារម្ភរបស់អតិថិជនដែលបានបំពេញកាតព្វកិច្ចរួចរាល់ហើយ។
ប្រជាពលរដ្ឋលើកឡើងថា ការមិនប្រគល់ឯកសារធានា ឬប្លង់ដីជូនអតិថិជនវិញ ក្រោយពេលបង់ផ្តាច់កម្ចីរួច អាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទាន។ ពួកគេបន្ថែមថា គ្រឹះស្ថានហិរញ្ញវត្ថុគួរតែអនុវត្តតាមគោល ការណ៍តម្លាភាព សុចរិតភាព និងគោរពតាមកិច្ចសន្យាជាមួយអតិថិជន ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីសាធារណជន។
ក្រុមហ៊ុន ដាកូ ហ្វាយនែន ភីអិលស៊ី ប្រចាំខេត្តតាកែវលោក សុធោ មានប្រសាសន៍ថា អ្នកស្រីសាយ សុវិន ពិតជាបានបង់ផ្ដាច់បំណុលរបស់គាត់រួចមែន ប៉ុន្តែគាត់នៅជាប់ជំពាក់បញ្ហាធានាឱ្យគេខ្ចីម្នាក់ទៀត។ ក្នុងករណី នេះខាងក្រុមហ៊ុនកម្ចីគ្រាន់តែរកការជួយអន្តរាគមន៍ពីអ្នកស្រីសាយ សាវិន ឱ្យជួយទាក់ទងសម្របសម្រួលទៅខាងកូនបំណុលឲ្យឱ្យចូលខ្លួនដោះស្រាយបញ្ហា ដែលមិនព្រមបង់ប្រាក់ឲ្យខាងម្ចាស់បំណុល។
លោកបានបន្ថែមថា យ៉ាងណាក៏ សាយ សាវិន បានចូលខ្លួនមកតាមការកោះហៅរបស់ខាងក្រុមហ៊ុន ដាកូ ហ្វាយនែន ភីអិលស៊ីកាលពីប៉ុន្មានថ្ងៃមុនដើម្បីសម្រប សម្រួលជួយឲ្យកូនបំណុលម្ខាងទៀត ចូលខ្លួនមកដោះ ស្រាយតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយមជ្ឈដ្ឋាននានារួមជាអ្នកច្បាប់ផងមានចំណល់ថា ហេតុអ្វីខាងក្រុមហ៊ុន ដាកូ ហ្វាយនែន ភីអិលស៊ី ត្រូវបង្កកប្លង់ដីរបស់អ្នកស្រីសាយ សាវិនបើគ្រាន់ តែជាប់ជំពាក់និងករណីធានាឲ្យកូនបំណុលម្ខាងទៀតនោះ។
ករណីនេះរដ្ឋបាលខេត្តតាកែវ,ក៏ដូចជាធនាគារជាតិ នៃកម្ពុជាពិនិត្យមើលថាតើទង្វើរបស់ក្រុមហ៊ុនដាកូ ហ្វាយនែន ភីអិលស៊ីស្របច្បាប់ដែរឬទេ?៕


