ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំសប្តាហ៍ទី៤ ខែមេសា និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់កងកម្លាំងអាវុធហត្ថទូទាំងខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការកងអនុសេនាធំចល័ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានណែនាំ និងដាក់បទបញ្ជាសំខាន់ៗជាច្រើន ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់កងកម្លាំងអាវុធហត្ថ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោកមេបញ្ជាការខេត្ត បានបញ្ជាឱ្យជំនាញពាក់ព័ន្ធ ត្រៀមរៀបចំផែនការការពារ សន្តិសុខ និងសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ ដែលគ្រោងចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ជាមួយគ្នានេះ ក៏ត្រូវត្រៀមរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព និងនីតិវិធីដាក់យោធិនកងរាជអាវុធហត្ថឱ្យចូលសោធិននិវត្តន៍ ព្រមទាំងផ្សព្វផ្សាយគោលការណ៍ “៥មិន និង ៥ត្រូវ” របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានជំរុញឱ្យគ្រប់អង្គភាព បន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍នៅតាមចំណុចសំខាន់ៗ រង់ចាំអនុវត្តបទបញ្ជាទាន់ពេលវេលា ព្រមទាំងបង្កើនការល្បាតចល័តក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ក្រៅពីនេះ កម្លាំងប្រចាំការលេខទូរស័ព្ទពិសេស Hotline 1212 ត្រូវត្រៀមប្រតិបត្តិការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងពាក្យបណ្តឹងពីប្រជាពលរដ្ឋឱ្យបានទាន់ហេតុការណ៍។
មេបញ្ជាការខេត្ត ក៏បានណែនាំឱ្យបន្តអនុវត្តផែនការបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កការព្រួយបារម្ភក្នុងសង្គម។
ជាមួយគ្នានេះ កម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក ត្រូវបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនពេលចូល និងចេញពីសាលា ព្រមទាំងពង្រឹងវិន័យការងារប្រចាំបញ្ជា ប្រចាំការ ប្រជុំជួរត្រួតពិនិត្យកម្លាំង ការស្គែនក្រយ៉ៅដៃស្រង់វត្តមាន និងការគោរពទង់ជាតិឱ្យបានទៀងទាត់។
លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានក្រើនរំលឹកដល់មន្ត្រីអាវុធហត្ថគ្រប់រូប ឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង អនុវត្តតួនាទីភារកិច្ចតាមឋានានុក្រម និងបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់៕


