ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាសថ្មី កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបចូលរួម។
យោងតាមការប្រកាសរបស់រាជរដ្ឋាភិបាល លោក គិន ភក្តី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត មកកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាសថ្មី។
ការផ្ទេរភារកិច្ចនេះ គឺដើម្បីជំនួសលោក ឌឹម គឹមសាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស ឱ្យទៅកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលក្រុងដូនកែវថ្មី។
ក្នុងពិធីនោះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានថ្លែងផ្តាំផ្ញើ និងណែនាំដល់អភិបាលថ្មី ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តក៏បានកោតសរសើរចំពោះស្នាដៃការងាររបស់លោក ឌឹម គឹមសាន ក្នុងអំឡុងពេលបំពេញភារកិច្ចនៅស្រុកព្រៃកប្បាស និងជឿជាក់ថា ថ្នាក់ដឹកនាំថ្មី នឹងបន្តអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋកាន់តែល្អបន្ថែមទៀត៕


