ខេត្តតាកែវ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកឧកញ៉ាមុងរិទ្ធីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេស ប៊ុក ដោយថែមយោបល់បន្តិចបន្តួចករណីមានអ្នកកាប់ដើមអាកាស្យាដែលលោកខំបង្ហូរញើសឈាមដាំនៅជើងភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវ។ លោកបានសរសេរយ៉ាងដូច្នេះថា
ថ្ងៃនេះខ្ញុំចង់ឱ្យមហាជនយល់ឲ្យកាន់តែច្បាស់បន្តិច កាលពីចុងទស្សវត្សរ៍ឆ្នាំ៩០ ខ្ញុំបានដឹកកូនឈើអាកាស្យ៉ា ប្រមាណជា៦០,០០០ដើមសម្រាប់យកទៅដាំ នៅក្នុងតំបន់កសិ-ទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរ ដាំតាមខ្នងទំនប់ទឹកធ្នួសតាគង់ ទួលលក ទំនប់សែនពារាម ព្រម ទាំងនៅតាមដងផ្លូវ និងប្រឡាយទឹក។ បើគិតពីចម្ងាយជាង៣០គីឡូម៉ែត្រ ការដាំនេះមិនបានថែទាំអោយបានដិតដល់នោះទេ អីចឹងហើយ វាមិនអាចនៅរស់ទាំងអស់នោះទេ។
លោកឧកញ៉ាឯកឧត្តមបណ្ឌិតបានបន្ថែមថា សកម្មភាពកាប់បំផ្លាញជាបន្តបន្ទាប់តែទ្រង់ទ្រាយតូចៗ ទើបតែកាប់ទ្រង់ទ្រាយធំចំនួន២ដង គឺលើកទី១ប្រមាណជា ៥,០០០ដើម និងលើកទី២ចុងក្រោយនេះជិត២,០០០ ដើម សរុបទាំងអស់៧,០០០ដើម (ចំនួននេះយកតាមអ្នកសារព័ត៌មាន)។ ខ្ញុំបានឲ្យក្រុមការងារវាស់វែងដើម
អាកាស្យ៉ាដាំតំណាលគ្នានៅភូមិចាស់របស់ខ្ញុំ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ឃើញថាជាមធ្យមជាងពី២ម៉ែត្រគីបក្នុង១ដើម។ បើគិតតម្លៃលក់បច្ចុប្បន្ននៅកែវផុសចន្លោះពី១៥ទៅ២០ដុល្លារក្នុង១ម៉ែត្រគីប អាចទទួលបានប្រាក់ប្រមាណជាជាង200,000ដុល្លារអាមេរិក ហើយបើយើងយកថវិកានេះមកចាក់បេតុងផ្លូវប្រវែង២គីឡូម៉ែត្រ ឡើងទៅដល់ប្រាសាទភ្នំជីសូរគ្រប់ គ្រាន់ល្មម ។
លោកឧកញ៉ាបានបន្ថែមថា សូមប្រិយមិត្តយើងចូលមកពិចារណាទាំងអស់គ្នាសាកមើល ថាតើបើយើងដាំដើម ឈើតែមួយដើម ហើយត្រូវបានគេមកកាប់យកទៅលក់ ដោយមិនបានប្រាប់ម្ចាស់សូម្បីតែមួយមាត់សោះ តើប្រិយមិត្តយើងគិតយ៉ាងណាដែរ?
ចាប់តាំងពីក្រោយរំដោះឆ្នាំ១៩៧៩រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំបានទៅជួយចូលរួមចំណែកកសាងអភិវឌ្ឍន៍នៅស្រុកកំណើត ក៏ដូចជានៅទូទាំងប្រទេសផងដែរ រូបខ្ញុំព្រមទាំងភរិយាបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមជាមួយថវិកាផង ដោយមិនចង់បានផលចំណេញអ្វីមកវិញ ក្រៅតែពី រក្សាទុកជាកេរ្តិ៍តំណែលអោយកូនចៅជំនាន់ក្រោយៗតែប៉ុណ្ណោះទេ ។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ខ្ញុំទៅលេងស្រុកកំណើតកាលពីថ្ងៃបង្ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ ដោយសារតែបានមើលឃើញសារព័ត៌មានចុះផ្សាយ ហើយក៏មកមើល ក្នុងគោលបំណងថាតើអាចជួយអ្វីបានខ្លះ មិនមានបំណងមករករឿងរកហេតុអ្វីនោះទេ ។
ជាទីបញ្ចប់នេះខ្ញុំសុំឲ្យអ្នកដែលនិយាយថា ចង់ចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ សូមកុំហុតទឹក សម្លឹងកាក ដូចកាលពីដីមានហាងឆេងពួកអ្នករត់ការបានមកសុំខ្ញុំលប់ស្រះទឹកមួយចំនួន ដែល ខ្ញុំបានជីកចំនួន៣២ស្រះនៅក្នុងខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ដើម្បីអភិវឌ្ឍន៍លំនៅឋានឬជាដីឡូ ។
គួរបញ្ជាក់ថា លោកជា បូរិទ្ធ(មិនដឹងតួនាទី) បាននិយាយសំដៅទៅលើឧកញ៉ាម៉ុងរិទ្ធីថា មិនគួរលោកឧកញ៉ាមើលគល់ឈើពុកៗ៤-៥ពាន់ដើមនោះទេ។ តែគួរសម្លឹងមើលការអភិវឌ្ឍន៍នោះវិញ។
លោកឧកញ៉ាម៉ុងរិទ្ធីបានបញ្ជាក់ថា មិនមែនជំទាស់នូវការអភិវឌ្ឍន៍ទេ។ ប៉ុន្តែគ្រាន់តែចង់ដឹងថាគេកាប់ដើមអាកាស្យាធ្វើអ្វី?ពេលណា ?ហើយបើមានការត្រួតពិនិត្យ ច្បាស់លាស់អាកាសាទាំងនោះអាចលក់បានលុយធ្វើផ្លូវបេតុងឡើងលើកកំពូលភ្នំជីសូរបានទៀតផង។
មជ្ឈដ្ឋាននានាមិនដឹងថា តើលោកជា បូរិទ្ធនោះ ជាអ្នក ណាទេ? ពលរដ្ឋនៅតំបន់ជើងភ្នំជីសូរខ្សឹបខៀវថា លោកជាបូរិទ្ធ គ្រាន់តែជាមន្ត្រីតូចតាចពាក់កណ្ដាលឈ្មូញនៃរកស៊ីដែលពាក់ព័ន្ធនិងការកាប់ដើមអាកាស្យា ជាញើសឈាមរបស់ឧកញ៉ា ម៉ុងរិទ្ធីនោះឯង៕


