សំណង់មុខសាលាក្រុងដូនកែវ៖ ច្បាប់មានហើយ ឬទើបមាន ក្រោយផ្ទុះព័ត៌មាន?

សំណង់មុខសាលាក្រុងដូនកែវ៖ ច្បាប់មានហើយ ឬទើបមាន ក្រោយផ្ទុះព័ត៌មាន?

ខេត្តតាកែវ៖ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមបណ្ដាញសារព័ត៌មាន ជុំវិញសំណង់មួយកន្លែងស្ថិតនៅចំទល់មុខសាលាក្រុងដូនកែវ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បញ្ហានេះនៅតែបន្តបង្កការចាប់អារម្មណ៍ និងការព្រួយបារម្ភពីសាធារណជន ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃនីតិវិធីសំណង់។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះថា សំណង់ខាងលើ «មានឯកសារគ្រប់គ្រាន់ ហើយបានបិទបង្ហាញរួចរាល់» ដោយអញ្ជើញឲ្យសារព័ត៌មានចុះទៅពិនិត្យផ្ទាល់នៅទីតាំង។ ទោះយ៉ាងណា ការបញ្ជាក់នេះបានកើតឡើងក្រោយពេលមានការចុះផ្សាយជាសាធារណៈ ហើយមានការអះអាងថា លិខិតបើកការដ្ឋានទើបតែត្រូវបានបិទបង្ហាញថ្មីៗ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកអភិបាលក្រុងដូនកែវធ្លាប់បានបញ្ជាក់ថា អាជ្ញាធរបានអនុវត្តនីតិវិធី «ច្រកតែមួយ» ដោយចេញឯកសារពាក់ព័ន្ធទាំងអស់ជាកញ្ចប់តែម្តង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ ទស្សនៈដូចគ្នានេះក៏ត្រូវបានបញ្ជាក់ដោយលោក ហួត តុងលីម ប្រធានភូមិបាលក្រុងដូនកែវ ដែលបានអះអាងថា លិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋាន ត្រូវបានរៀបចំរួមគ្នា ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី។

ពាក់ព័ន្ធករណីនេះ មហាជនបានលើកឡើងថា បើឯកសារទាំងនេះមានរួចរាល់ តើហេតុអ្វីបានជាក្នុងអំឡុងពេលកន្លងមក មិនឃើញមានការបិទបង្ហាញលិខិតបើកការដ្ឋាននៅទីតាំងសំណង់ ដូចតម្រូវការនៃការត្រួតពិនិត្យសាធារណៈ? ហើយហេតុអ្វីបានជាការបិទបង្ហាញនេះ ទើបតែធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មាន?

បន្ថែមពីនេះទៅទៀត លោក ផង់ ពិន ចៅសង្កាត់រកាក្នុង ក៏បានបញ្ជាក់ថា លោកមិនសូវបានដឹងលម្អិតអំពីសំណង់នេះទេ ប៉ុន្តែលោកអះអាងថា ប្រសិនបើមានការអនុញ្ញាត គឺអាចអនុញ្ញាតបានទាំងអស់។ ការឆ្លើយតបបែបនេះ កាន់តែធ្វើឲ្យសាធារណជនមានសំណួរពាក់ព័ន្ធនឹងតួនាទីត្រួតពិនិត្យ និងការសម្របសម្រួលរវាងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា នីតិវិធី «ច្រកតែមួយ» គឺជាគោលនយោបាយល្អ ក្នុងការកាត់បន្ថយភាពយឺតយ៉ាវ និងភាពស្មុគស្មាញរដ្ឋបាល។ ប៉ុន្តែការអនុវត្តត្រូវតែភ្ជាប់ជាមួយភាពតម្លាភាព និងការបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់នៅទីតាំងសំណង់ ដើម្បីអនុញ្ញាតឲ្យសាធារណជនអាចត្រួតពិនិត្យ និងទុកចិត្តបាន។

បើមិនដូច្នេះទេ នីតិវិធីដែលមានបំណងល្អ អាចនឹងត្រូវបំលែងទៅជាចំណុចបង្កការសង្ស័យ និងបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលការអនុវត្តមិនស្មើភាព ឬមិនបានបង្ហាញយ៉ាងច្បាស់។

សាធារណជនក៏បានលើកឡើងផងដេរថា ករណីសំណង់មុខសាលាក្រុងដូនកែវ មិនត្រឹមតែជាបញ្ហាបុគ្គលឬសំណង់តែមួយទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីការអនុវត្តនីតិវិធីរដ្ឋបាលនៅមូលដ្ឋាន។ អាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងការបង្ហាញព័ត៌មាន ធានាការអនុវត្តតាមច្បាប់ឲ្យបានត្រឹមត្រូវ និងឆ្លើយតបជាសាធារណៈឲ្យបានទាន់ពេលវេលា ដើម្បីបង្កើនភាពជឿជាក់ និងការគាំទ្រពីសង្គម៕

img 20260422 170913 902 img 20260422 170907 840 img 20260422 170907 816 img 20260422 170908 293 img 20260422 170858 979 img 20260422 170859 449 img 20260422 170858 988 img 20260422 170858 817 img 20260422 170858 910 img 20260422 170859 005

 

Scroll to Top